រដ្ឋធានីរបស់ប្រទេសឥណ្ឌាប្រកាសស្ថានភាពគ្រាអាសន្នអំពីការបំពុលអាកាសធាតុ
ថ្ងៃ អង្គារ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩

អាជ្ញាធរនៅរដ្ឋធានី ញ៉ូវ ដេល្លី របស់ឥណ្ឌា នៅពេលនេះ បានប្រកាសស្ថានភាពគ្រាអាសន្នអំពីការបំពុលអាកាសធាតុ ដោយបានបិទសាលារៀន និងសកម្មភាពសាងសង់ទាំងអស់ ខណៈដែលមានការលើកឡើងដោយអាជ្ញាធរថា អាកាសធាតុក្នុងទីក្រុង ដូចទៅនឹងធុងហ្គាស។ ផ្សែងអ័ព្ទដ៏ក្រាស់គ្របលើរដ្ឋធានីឥណ្ឌានៅសប្តាហ៍នេះមួយភាគធំ បង្កឡើងពីភ្លើងដុតដើមពោត ដុតស្មៅធ្វើចំការនៅក្នុងរដ្ឋក្បែរខាងនោះ។

លោក អាវីន កេរីវ៉ាល់ អភិបាលក្រុងញ៉ូវ ដេល្លី បាននិយាយថា ទីក្រុងនេះបានក្លាយជាធុងហ្គាសមួយ នៅពេលលោកប្រកាសថាអាជ្ញាធរនឹងចែកម៉ាសមុខ ហើយអំពាវនាវឲ្យអ្នកក្រុងញ៉ូវ ដេល្លី ប្រើវាដើម្បីទប់ទល់នឹងផ្សែងអ័ព្ទ។
ផ្សែងអ័ព្ទដ៏ក្រាស់គ្របលើរដ្ឋធានីញ៉ូវ ដេល្លី កាលពីថ្ងៃ០១ វិច្ឆិកា ជាហេតុនាំឲ្យអាជ្ញាធរប្រកាសបិទសាលារៀន និងប្រកាសស្ថានភាពគ្រាអាសន្នខាងសុខភាព។

ការវាស់កំរិតកខ្វក់ខ្យល់អាកាសកាលពីថ្ងៃសុក្រឃើញ៤៨៤ នៅលើកំរិត៥០០។ ការវាស់នេះដើម្បីឲ្យដឹងកំរិតធាតុតូចល្អិត PM 2.5នៅក្នុងខ្យល់។ កំរិតPM 2.5លើ៤០០ឡើងត្រូវគេចាត់ទុកថាគ្រោះថ្នាក់ចំពោះសុខភាព ជាពិសេសបង្កជម្ងឺផ្លូវដង្ហើមដោយសារតែកំទេចធូលី PM 2.5ចូលទៅក្នុងសួត៕ធ.ដ