នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់ជម្រុញឱ្យក្រុមបាតុករបញ្ឈប់ការតវ៉ាជាបន្ទាន់ ខណៈសេដ្ឋកិច្ចប្រទេសកំពុងរងផលប៉ះពាល់ជាខ្លំាង
ថ្ងៃ ច័ន្ទ ទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩

អ៊ីរ៉ាក់៖ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក អាឌែល អាប់ឌុល ម៉ាហ៍ឌី នៅថ្ងៃអាទិត្យម្សិលមិញ បានអំពាវនាវយ៉ាងទទូចអោយក្រុមបាតុករទាំងអស់ បញ្ឈប់ការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលជាបន្ទាន់ ដើម្បីចូលរួមចំណែកស្ដារជីវភាពរស់នៅរបស់ប្រជាជនឱ្យត្រឡប់ទៅរកភាពប្រក្រតីឡើងវិញ ខណៈសេដ្ឋកិច្ចជាតិបានខាតបង់ប្រាក់អស់រាប់ពាន់លានដុល្លារ ។
នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់រូបនេះបាននិយាយយ៉ាងដូច្នេះថា ការគំរាមកំហែងដល់ឧស្សាហកម្មប្រេង និង ការបិទខ្ទប់ផ្លូវ កំពុងធ្វើឱ្យសេដ្ឋកិច្ចជាតិ ខាតបង់ប្រាក់អស់រាប់ពាន់លានដុល្លារ... ហើយបើសិនជាភាពចលាចលនេះ នៅតែបន្តកើតមាននោះទំនិញគ្រប់មុខនឹងឡើងថ្លៃខ្ពស់កប់ពពក ។
សូមរំលឹកថា បាតុកម្មតវ៉ានៅអ៊ីរ៉ាក់បានផ្ទុះឡើងចាប់តាំងពីដើមខែតុលា ដោយក្រុមបាតុករបាននាំគ្នាទាមទារឱ្យរដ្ឋាភិបាលអ៊ីរ៉ាក់ ដោះស្រាយបញ្ហាអំពើពុករលួយ និង បញ្ហាក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។ យ៉ាងណាមិញ បាតុ កម្មតវ៉ានេះ បានបង្កជាការប៉ះទង្គិចគ្នាដ៏អាក្រក់រវាងអាជ្ញាធរអ៊ីរ៉ាក់ និង ក្រុមបាតុករ ដែលជាលទ្ធផលនោះ មានមនុស្សច្រើនជាង២៥០នាក់ហើយបានបាត់បង់ជីវិត ៕