ចិនត្រៀមបញ្ជូនបេសកកម្ម ឆាងអឺ ៥ ទៅកាន់ផ្ទៃព្រះច័ន្ទនៅឆ្នាំ២០២០ខាងមុខ ដើម្បីប្រមូលគំរូតាងត្រឡប់មកកាន់ផែនដីវិញ
ថ្ងៃ ច័ន្ទ ទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ចិន៖ គ្រាប់រ៉ុក្កែត ឡុង ម៉ាច ៥ ជាគ្រាប់រ៉ុក្កែតធំបំផុតរបស់ចិនសម្រាប់បាញ់បង្ហោះយានអវកាស នឹងត្រូវប្រើប្រាស់ដើម្បីបញ្ជូនយាន ឆាងអឺ ៥ ចេញពីផែនដី ទៅកាន់ផ្ទៃព្រះច័ន្ទនៅឆ្នំា២០២០ខាងមុខ នេះបើតាមប្រធានរៀបចំបែបផែននៃកម្មវិធីរុករកឋានព្រះច័ន្ទរបស់ចិនលោក វូ វៃរិន ។
លោក វូ វៃរិន បានគូសបញ្ជាក់ថា បេសកកម្ម ឆាងអឺ ៥ នឹងរួមមានយានសម្រាប់ចុះចត (Lander), យានផ្កាយរណប (Orbiter), យានសម្រាប់ហោះឡើងចេញពីផ្ទៃព្រះច័ន្ទ (Ascender), និង យានវិលត្រឡប់ចុះមកកាន់ផែនដីវិញ (Returner) ។ ចំណុចសំខាន់នៃបេសកកម្មនេះ គឺការប្រមូលគំរូតាងលើផ្ទៃះច័ន្ទ ការចាកចេញពីផ្ទៃព្រះច័ន្ទ ការឆ្ពោះទៅតភ្ជាប់ជាមួយយានផ្កាយរណបវិញ និង ការត្រឡប់ចូលមកក្នុងបរិយាកាសផែនដី ដើម្បីចុះមកវិញ ។
គួរបញ្ជាក់ថា បេសកកម្មឋានព្រះច័ន្ទរបស់ចិន នាពេលបច្ចុប្បន្នមាន៣ដំណាក់កាលរួមមានការទៅគោចរជុំវិញ ការចុះចត និង ការប្រមូលគំរូតាង ហើយត្រឡប់មកវិញ ។ ពីដំណាក់កាលដំបូង គឺត្រូវបានសម្រេចរួចហើយ ដោយបេសកកម្ម ឆាងអឺ ជំនាន់មុនៗ ខណៈដំណាក់កាលទី៣ គឺជាកិច្ចការរបស់បេសកកម្ម ឆាងអឺ៥ ដែលនឹងទៅប្រមូលគំរូតាងនៃដីព្រះច័ន្ទយ៉ាងតិច២គីឡូក្រាម រួចនាំយកពួកវាត្រឡប់មកកាន់ផែនដីវិញ ៕

 

 

 

 


អត្ថបទទាក់ទង