កូរ៉េខាងត្បូងបញ្ជាក់ថា កូរ៉េខាងជើងទំនងជាកំពុងប្រឹងប្រែងធ្វើឱ្យជឿនលឿនផ្នែកបច្ចេកទេស ក្នុងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីបចេញពីឧបករណ៍ចល័ត
ថ្ងៃ ច័ន្ទ ទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩

កូរ៉េខាងត្បូង៖ កូរ៉េខាងជើងត្រូវបានគេជឿជាក់ថា កំពុងខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យស្ទាត់ជំនាញក្នុងការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ICBM ពីយានយន្តដែលបំពាក់ដោយប្រដាប់បាញ់រ៉េអាក់ទ័របញ្ជូន TEL ហើយកូរ៉េខាងត្បូងបានត្រៀមខ្លួនពេញលេញហើយ ចំពោះស្ថានការណ៍ដែលអាចនឹងកើតឡើង នេះបើតាមក្រសួងការពារជាតិកូរ៉េខាងត្បូងនៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ ។
អ្នកនំាពាក្យស្តីទីនៃក្រសួងការពារជាតិកូរ៉េខាងត្បូងលោក រ៉ូ ជេឆឹង បានលើកឡើងក្នុងសន្និសិទសារព័ត៌មានខ្លីមួយថា កូរ៉េខាងជើងកាលពីឆ្នាំ២០១៧ ធ្លាប់បានប្រើប្រាស់យានយន្ត TEL ដើម្បីបាញ់សាកល្បងមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួនទៅកាន់ទីតំាងធ្វើតេស្ត ។ លោកបន្ថែមថា រយៈពេលពីរឆ្នាំបានកន្លងផុតទៅចាប់តាំងពីពេលនោះមក យើងជឿជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងជើង គឺត្រូវបានធ្វើឡើងទាក់ទងនឹងបច្ចេកវិទ្យាយោធាបែបនេះ ។ អ្នកនំាពាក្យរូបនេះបានសង្កត់ធ្ងន់ថា ដោយមិនគិតពីទីតំាងដែលមីស៊ីលទំាងនោះត្រូវបានធ្វើតេស្ត យើងបានធ្វើការតាមដាន និង ត្រួតពិនិត្យយ៉ាងដិតដល់នូវសកម្មភាពរបស់កូរ៉េខាងជើង ហើយថែមទំាងបានរក្សាគោលជំហរត្រៀមខ្លួនឥតខ្ចោះ ក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ។
សូមរំលឹកថា កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោង ហ្វាសុង ១៤ ហោះបានរយៈចម្ងាយប្រមាណ១ម៉ឺនគីឡូម៉ែត្រ ដែលមានលទ្ធភាពវាយប្រហារដល់ដែនដីសហរដ្ឋអាមេរិក ចំនែកឯមីស៊ីលផ្លោង ហ្វាសុង ១៥ ហោះបានរយៈចម្ងាយប្រហែល១ម៉ឺន២ពាន់គីឡូម៉ែត្រ ដូច្នេះវាអាចមានសមត្ថភាពវាយប្រហារគ្រប់ទីតំាងទំាងអស់នៅសហរដ្ឋអាមេរិក ៕

 

 

 


អត្ថបទទាក់ទង