ប្រមុខអង្គការសហប្រជាជាតិអំពាវនាវឱ្យមីយ៉ាន់ម៉ាធានាដល់ការធ្វើមាតុភូមិនិវត្តន៍របស់ជនជាតិរ៉ូហ៊ីងយ៉ាប្រកបដោយសុវត្ថិភាព
ថ្ងៃ ច័ន្ទ ទី ០៤ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ថៃ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទ័ររ៉េស នៅថ្ងៃអាទិត្យសប្តាហ៍មុននេះ បានស្នើឲ្យមីយ៉ាន់ម៉ាធានាដល់សុវត្ថិភាពនៃការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ដែលបានរត់ភៀសខ្លួនពីផ្ទះសម្បែងរបស់ពួកគេដោយសារប្រតិបត្តិការយោធា ។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលរបស់មេដឹកនាំអាស៊ីអាគ្នេយ៍ក្នុងទីក្រុងបាងកក ជាមួយនឹងមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អោងសាន ស៊ូជី នៅក្នុងបន្ទប់ប្រជុំ លោក ហ្គូដទ័ររ៉េស បាននិយាយថា រូបលោកនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង អំពីការភៀសខ្លួនរបស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ។

សូមរំលឹកថា អំពើហិង្សានៅក្នុងរដ្ឋរ៉ាក់ឃីន កាលពីឆ្នាំ២០១៧ បានបង្ខំឲ្យជនជាតិរ៉ូហ៊ីងយ៉ាជាង៧សែន៤ម៉ឺននាក់រត់ភៀសខ្លួន ដែលភាគច្រើនរត់ទៅជំរំជនភៀសខ្លួននៅបង់ក្លាដែស ដែលសម្បូរទៅដោយមនុស្សម្នាច្រើនកុះករ ។ យ៉ាងណាមិញ រដ្ឋាភិបាលមីយ៉ាន់ម៉ានិយាយថា ខ្លួនស្វាគមន៍ចំពោះការវិលត្រឡប់របស់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ណាដែលយល់ព្រមទទួលយកស្ថានភាពទាបជាងអ្នកមានសញ្ជាតិពេញលេញ និង យល់ព្រមរស់នៅក្រោមការយាមកាមយ៉ាងតឹងរ៉ឹង បន្ទាប់ពីភូមិឋានរបស់ពួកគេត្រូវបានដុតបំផ្លាញហើយនោះ ៕ធ.ដ


អត្ថបទទាក់ទង