អាជ្ញាឥណ្ឌាប្រកាសស្ថានភាពគ្រាអាសន្នអំពីសុខភាព ស្របពេលខ្យល់អាកាសក្នុងរដ្ឋធានីញូដេលី ពុលដល់កម្រិតកំពូល
ថ្ងៃ សៅរ៏ ទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០១៩

ឥណ្ឌា៖ ទីក្រុង ញូដេលី បានទទួលរងគ្រោះជាថ្មីទៀត ដោយសារធាតុពុលក្នុងខ្យល់អាកាសដែលលោតឡើងដល់កម្រិតកំពូល ជាហេតុបង្ខំឲ្យអាជ្ញាធរចេញបញ្ជាឲ្យបិទសាលារៀនទាំងអស់ជាបណ្តោះអាសន្ន រហូតដល់ថ្ងៃទី០៥ ខែវិច្ឆិកាខាងមុខនេះ ។

ទន្ទឹមគ្នា មន្ត្រីជំនាញរបស់ឥណ្ឌាបានរំពឹងថា ក្នុងរយៈពេលមួយសប្តាហ៍ទៀតនេះ ស្ថានការណ៍អាចនឹងធូរស្រាល ហើយថា ការបិទសាលារៀន គឺដើម្បីបញ្ចៀសកុំឲ្យក្មេងៗទទួលរងគ្រោះដោយសារផ្សែងពុល ស្របពេលអាជ្ញាធរកំពុងបង្កើនចំនួនឧបករណ៍តាមដានកម្រិតជាតិពុលក្នុងខ្យល់ និង អំពាវនាវឱ្យប្រជាជនក្នុងទីក្រុងត្រូវព្យាយាមស្ថិតនៅក្នុងផ្ទះ ឬ ពាក់ម៉ាស់ជាប់ជានិច្ចពេលដើរទៅណាមកណាតាមផ្លូវ ។

យ៉ាងណាមិញ ស្របពេលដែលរដ្ឋធានីរបស់ប្រទេសឥណ្ឌាមួយនេះ មានបរិយា កាសមិនល្អដោយសារផ្សែងពុលស្រាប់ទៅហើយនោះ ភ្លើងឆេះចំការដំណាំដែល កំពុងកើតឡើងនៅតាមរដ្ឋមួយចំនួនជាប់ទីក្រុងញូដេលី បានធ្វើឲ្យផ្សែងហុយពាសពេញតំបន់ភាគខាងជើង និង ក្រុងនេះបន្ថែមទៀត ហើយបើតាមអាជ្ញាធរឥណ្ឌា ហេតុការណ៍ភ្លើងឆេះចំការដំណាំទាំងនេះ បង្កឡើងដោយសារអាកាសធាតុក្តៅស្ងួត ដែលបានបោកបក់មកកាន់ភាគខាងជើងឥណ្ឌា ៕ធ.ដ


អត្ថបទទាក់ទង