មនុស្សស្លាប់១៩នាក់ ករណីរថយន្តធ្លាក់ចូលជ្រោះនៅប្រទេសហ្វីលីពីន
ថ្ងៃ សុក្រ ទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៩

សារព័ត៌មានបរទេសជាច្រើនបានចេញផ្សាយនៅថ្ងៃនេះថា មានមនុស្សយ៉ាងហោចណាស់ ១៩នាក់បានស្លាប់ និង ២២នាក់ទៀតរងរបួស បន្ទាប់ពីរថយន្តដែលពួកគេជិះបានជ្រុលចង្កូត ធ្លាក់ចូលទៅក្នុងជ្រោះក្បែរដងផ្លូវ ស្ថិតនៅក្នុងខេត្ត Apayao ជាតំបន់ប្រជុំភ្នំនៃភាគខាងជើងប្រទេសហ្វីលីពីន។

បើតាមនគរបាលហ្វីលីពីនបានឲ្យដឹងថា ហេតុការណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍ ម្សិលមិញ ដោយយានជំនិះកើតហេតុជាប្រភេទរថយន្តទ្រុង ធ្វើដំណើរពីខេត្ត Kalingaឆ្ពោះទៅខេត្ត Apayao បានរអិលចេញផ្លូវ និងធ្លាក់ចូលទៅក្នុងជ្រោះស្ថិតនៅក្បែរខាងនោះតែម្តង។

គួរបញ្ជាក់ថា បញ្ហាភូមិសាស្ត្រពិបាកអាចជាកត្តាចម្បង ដែលបានបង្កឲ្យគ្រោះថ្នាក់ខាងលើនេះ កើតមានឡើង។  ជនរងគ្រោះភាគច្រើនសុទ្ធសឹងតែជាមនុស្ស ដែលមានវ័យចំណាស់ ដោយពួកគេបានព្យាយាមធ្វើដំណើរទៅកាន់ខេត្តខាងលើនេះ ក្នុងគោលបំណងស្នើសុំជំនួយពីរដ្ឋាភិបាល ហើយគ្រោះថ្នាក់បានកើតមានឡើង នៅពេលពួកគេជិះត្រឡប់មកវិញ៕ធ.ដ


អត្ថបទទាក់ទង