នៅក្នុងត្រីមាសទី៣ ឆ្នាំ០១៩នេះ សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកនឹងមានកំណើនយឺតយ៉ាវ
ថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែ តុលា ឆ្នាំ ២០១៩

សហរដ្ឋអាម៉េរិក៖ សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិកចាប់ផ្ដើមជួបញ្ហាចាប់តាំងពីលោក ដូណាល់ ត្រាំ ប្រកាសធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយចិន អស់រយៈពេលជាង១៥ខែមកនេះ។ តួយ៉ាង នៅក្នុងត្រីមាសទី៣ ឆ្នាំ២០១៩នេះ សេដ្ឋកិច្ចអាម៉េរិក ត្រូវបានរំពឹងថា នឹងមានកំណើនយឺតយ៉ាវ ដោយសារតែការធ្លាក់ចុះនៃការចាយវាយ ឬការប្រើប្រាស់សេវាកម្មរបស់ប្រជាជនអាម៉េរិក ក៏ដូចជាការធ្លាក់ចុះនៃការវិនិយោគ ដោយសារតែសង្គ្រាមពាណិជ្ជកម្មជាមួយទីក្រុងប៉េកាំង។

បើតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញសេដ្ឋកិច្ច ផលិតផលនៅក្នុងស្រុកសរុប (GDP) របស់សហរដ្ឋអាម៉េរិកទំនងជាទទួលបានកំណើន១,៦ភាគរយ នៅក្នុងត្រីមាសទី៣ ដែលនេះនឹងក្លាយជាកំណើនយឺតយ៉ាវមួយ ក្រោយផលិតផលនៅក្នុងស្រុកសរុបទទួលបានកំណើន២,០ភាគរយចាប់តាំងពីខែមេសា ដល់ខែមិថុនាកន្លងទៅ។

ទន្ទឹមនេះ ធនាគារកណ្ដាលអាម៉េរិកត្រូវបានគេរំពឹងថា នឹងកាត់បន្ថយអាត្រាការបា្រក់ជាលើកទី៣ ខណៈធនាគារកណ្ដាលអាម៉េរិក បានកាត់បន្ថយអាត្រាការប្រាក់កាលពីខែកញ្ញាកន្លងទៅ បន្ទាប់ពីកាត់បន្ថយអាត្រាការប្រាក់កម្ចីកាលពីខែកក្កដាជាលើកដំបូង ចាប់តាំងពីឆ្នាំ២០០៨។

សូមជម្រាបជូនផងដែរថា នាពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ និងសមភាគីចិន លោក ស៊ី ជិនពីង នឹងត្រូវជួបពិភាក្សាគ្នាជាថ្មី ហើយកិច្ចព្រមព្រៀងមួយចំនួនដែលមានគោលដៅបន្ធូរបន្ថយកម្តៅនៃសង្គ្រាមពាណិជ្ជកម្ម ក៏ទំនងជាត្រូវចុះហត្ថលេខាផងដែរ៕ធ.ដ


អត្ថបទទាក់ទង