ការសិក្សាថ្មីមួយព្រមានថា នៅឆ្នាំ២០៥០ ការឡើងកម្ពស់ទឹកសមុទ្រនឹងបង្កផលប៉ះពាល់ ដល់មនុស្ស៣០០លាននាក់ ជាពិសេសនៅតំបន់អាស៊ី
ថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែ តុលា ឆ្នាំ ២០១៩

បរទេស៖ ការសិក្សាស្រាវជ្រាវថ្មីមួយបានព្រមានថា ការកើនឡើងកម្ពស់ទឹកសមុទ្រ អាចនឹងជះផលប៉ះពាល់ដល់មនុស្សប្រមាណ៣ដងនៅឆ្នាំ២០៥០ខាងមុខ ច្រើនជាងការប៉ាន់ស្មានកាលពីលើកមុន។ មនុស្សប្រមាណ៣០០លាននាក់ មានប្រហែល៧៥ភាគរយនៃពួកគេ ដែលរស់នៅតំបន់ឆ្នេរនៃប្រទេសចិន បង់ក្លាដែស ឥណ្ឌា វៀតណាម ឥណ្ឌូនេស៊ី និងថៃ ទំនងជាប្រឈមមុខខ្លាំងជាមួយគ្រោះទឹកជំនន់។



អ្នកនិពន្ធឯកសារស្រាវជ្រាវមួយ ដែលចេញផ្សាយនៅក្នុងសប្តាហ៍នេះ បានបង្កើតវិធីត្រឹមត្រូវជាងមុន ក្នុងការគណនាកម្ពស់ដី ដោយផ្អែកលើការអានផ្កាយរណប ដែលជាវិធីស្តង់ដារនៃការប៉ាន់ស្មាន ពីផលប៉ះពាល់នៃការកើនឡើងកម្ពស់ទឹកសមុទ្រលើតំបន់ធំៗ ហើយបានរកឃើញថា ការប៉ាន់ស្មានលើកមុនៗមិនទាន់មានភាពច្បាស់លាស់ខ្លាំងទេ។ ការស្រាវជ្រាវថ្មីនេះបានបង្ហាញថា មនុស្សប្រហែល១៥០លាននាក់ឥឡូវនេះកំពុងរស់នៅលើដី ដែលនឹងស្ថិតនៅក្រោមទឹកសមុទ្រនៅពាក់កណ្តាលសតវត្សរ៍ទី២១នេះ។