អតីតកីឡាការិនី តេក្វាន់ដូ WT ត្រូវបានសហព័ន្ធកីឡាហុកគីអាស៊ី ផ្តល់សេចក្តីទុកចិត្ត ឲ្យចូលរួមកាត់សេចក្តី ក្នុងស៊ីហ្គេម នៅហ្វីលីពីន
សហព័ន្ធកីឡាហុកគីកម្ពុជា ទទួលបានកិត្តិយស ដែលសហព័ន្ធកីឡាហុកគីអាស៊ី ផ្តល់ការទុកចិត្តដល់កម្ពុជាជាលើកដំបូង ដោយអ្នកស្រី ឈឿង ពុទ្ធារីម ជាអតីតកីឡាការិនី តេក្វាន់ដូ WT ឲ្យក្លាយជាអាជ្ញាកណ្តាលអន្តរជាតិ ដើម្បីចូលរួមកាត់សេចក្តី នៅក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំ២០១៩នេះ ។
លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា បញ្ជាក់ថា ក្នុងនាមសហព័ន្ធពិតជាមានមោទនភាពយ៉ាងខ្លាំង សម្រាប់ការទទួលបានកិត្តិយស ដែលសហព័ន្ធហុកគីអាស៊ី ផ្តល់សិទ្ធិជូនកម្ពុជា ក្នុងការកាត់សេចក្តីជាលក្ខណ:អន្តរជាតិជាលើកដំបូង ពីព្រោះហុកគីកម្ពជា ចាប់តាំងពីកកើតមក មិនធ្លាប់បានកាត់សេចក្តី នៅក្នុងគណ:កម្មការអន្តរជាតិណាមួយឡើយ ។
អគ្គលេខាធិការរូបនេះ បានចាត់ទុកថា ការចូលរួមកាត់សេចក្តីរបស់ ឈឿង ពុទ្ធារីម នឹងបង្ហាញនូវកម្រិតសមត្ថភាពរបស់មន្រ្តីអាជ្ញាកណ្តាលកម្ពុជាលើឆាកអន្តរជាតិ ជាពិសេសគឺធ្វើឲ្យកីឡាការិនីជម្រើសជាតិហុកគី ដែលកំពុងហ្វឹកហាត់ត្រៀមចូលរួម ស៊ីហ្គេម ឆ្នាំ២០១៩នេះ កាន់តែមានទំនុកចិត្តខ្ពស់ ក្នុងការប្រកួតប្រជែងកាន់តែអស់ពីសមត្ថភាព និងភាពកក់ក្តៅផងដែរ ។
សូមបញ្ជាក់ថា ក្រៅពីអ្នកស្រី ឈឿង ពុទ្ធារីម ត្រូវបានសហព័ន្ធកីឡាហុកគីអាស៊ី ផ្តល់សេចក្តីទុកចិត្តឲ្យចូលរួមកាត់សេចក្តី ជាលក្ខណៈអន្តរជាតិជាលើកដំបូង ក៏មានក្រុមកីឡាការិនីជម្រើសជាតិហុកគីកម្ពុជា មានចំនួន១២នាក់ ដែលកំពុងហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេស នៅប្រទេសថៃ រយ:ពេល១ខែកន្លះ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅហ្វីលីពីន ផងដែរ ៕ធ.ដ
