យោធារុស្ស៊ី អះអាងទទួលជោគជ័យក្នុងការបាញ់សាកល្បងមីស៊ីលអន្តរទី្វប Bulava ចេញពីនាវាមុជទឹកនុយក្លេអ៊ែរ
ថ្ងៃ ព្រហស្បតិ៍ ទី ៣១ ខែ តុលា ឆ្នាំ ២០១៩

រុស្ស៊ី៖ យោធារុស្ស៊ី បានទទួលជោគជ័យទាំងស្រុង ក្នុងការធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីបមួយគ្រាប់ ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលផលិតឡើងដើម្បីកម្ទេចប្រព័ន្ធការពារដែនអាកាសលោកខាងលិច នេះបើតាមក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃពុធម្សិលមិញ។ ប្រភពខាងលើបន្ថែមទៀតថា មីស៊ីលបាលិស្ទីគអន្តរទ្វីបមួយគ្រាប់នេះ គឺជាប្រភេទមីស៊ីលបាលិស្ទីគអន្តរទ្វីប (ICBM) ដែលមានសមត្ថភាពពាំក្បាលគ្រាប់នុយក្លេអ៊ែរពី៦ដល់១០គ្រាប់ ហើយអាចបាញ់បានចម្ងាយ៨,៣០០គីឡូម៉ែត្រ។

មីស៊ីលឈ្មោះថា Bulava នេះដែរ ត្រូវបានបាញ់សាកល្បងចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរស៊េរីថ្មី Prince Vladimir ចេញពីតំបន់សមុទ្រស ស្ថិតនៅភាគពាយព្យនៃតំបន់ Arkhangelsk ឆ្ពោះទៅកាន់តំបន់ធ្វើតេស្ដមីស៊ីល Kura នៃតំបន់ភាគខាងកើតចុងបំផុតប្រទេសរុស្ស៊ី ព្រមទាំងហោះបានចំងាយរាប់ពាន់គីឡូម៉ែត្រ។ នាវាមុជទឹក Prince Vladimir ទំនងជានឹងត្រូវដាក់ឱ្យដំណើរការនៅដំណាច់ឆ្នាំ២០១៩នេះ៕ធ.ដ


អត្ថបទទាក់ទង