ក្រុមវិទ្យាវិទ្យាល័យឥន្ទ្រទេវី លត់ក្រុមបាតតារាងយ៉ាងចាស់ដៃ ក្នុងសប្តាហ៍ទី១៦ នៃពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩
ថ្ងៃ សុក្រ ទី ១៨ ខែ តុលា ឆ្នាំ ២០១៩

  ក្រុមវិទ្យាល័យឥន្ទ្រទេវី ដែលមិនទាន់ស្គាលពាក្យថាចាញ់ ទទួលបាន៣ពិន្ទុបន្ថែម ឡើងឈរកំពូលតារាង ក្រោយយកឈ្នះ វិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ ដែលមិនទាន់ស្គាល់ពាក្យថាឈ្នះ ២០ទល់នឹង០ នៅទីលានវិទ្យាល័យបឹងត្របែក ។ ចំណែក ក្រុមវិទ្យាល័យព្រះស៊ីសុវត្ថិ បានយកឈ្នះ វិទ្យាល័យបឹងត្របែក ក្នុងលទ្ធផល ៥ទល់នឹង១ នៅទីលានវិទ្យាល័យច្បារអំពៅ ក្នុងសប្តាហ៍ទី១៦ នៃពានរង្វាន់ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ។
  ឆ្លងកាត់១៤ប្រកួត វិទ្យាល័យឥន្ទ្រទេវី  មាន៤០ពិន្ទុ ឈ្នះ១៣ប្រកួត ស្មើរ១ប្រកួត ឈរកំពូលតារាងបណ្តោះអាសន្ន លេខ២ វិទ្យាល័យឬស្សីកែវ ឆ្លងកាត់១៤ប្រកួត មាន៣៩ពិន្ទុ ឈ្នះ១២ ចាញ់១ លេខ៣ ជាស៊ីមសាមគ្គី មាន២៥ពិន្ទុ ស្របពេលដែលវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ បន្តឈរបាតតារាងដោយ១៣ប្រកួត ចាញ់ទាំងអស់ ។
  គួររំលឹកថា ការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកវិទ្យាល័យ លើកទី១ បង្កើតឡើងក្រោមគំនិត ផ្តួចផ្តើមរបស់សហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមក្លឹបបាល់ទាត់បឹងកេត ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានសកម្មភាពផុសផុល និងរីកចំរើនកាន់តែប្រសើរខ្លាំងក្លាបន្ថែមទៀត សំដៅបណ្ដុះស្មារតីស្រឡាញ់កីឡាសុខភាពជៀសឆ្ងាយ ពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន ព្រមទាំងរឹតចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមសិស្សានុសិស្សតាមវិទ្យាល័យនានា ទាំងគ្រឹះស្ថានអប់រំ ចំណេះទូទៅរដ្ឋ និងឯកជន  ។
  សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ទទួល បានការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និងក្រុមហ៊ុនភេសជ្ជៈ POCARI SWEAT និងមានសហការផ្សាយផ្ទាល់ពីអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា ៕