ក្លិបធំៗមួយចំនួន ត្រូវបាន UEFA ពិន័យដោយសារអ្នកគាំទ្របង្កបញ្ហាក្នុងពានអឺរ៉ុប
ថ្ងៃ សុក្រ ទី ១៨ ខែ តុលា ឆ្នាំ ២០១៩

ក្លិបធំៗមួយចំនួន ត្រូវបាន UEFA ពិន័យដោយសារអ្នកគាំទ្របង្កបញ្ហាក្នុងពានអឺរ៉ុប ក្នុងនោះមាន ក្លិបមេឃខៀវ Manchester City ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ពិន័យប្រាក់១៥,៧៥០អឺរ៉ូ ដោយសារអ្នកគាំទ្រពួកគេបានយកវត្ថុគប់ អំឡុងការប្រកួត Champions League ឈ្នះ Dinamo Zagreb ២-០ កាលពីថ្ងៃទី១ ខែតុលា។ ក្លិប Zagreb ក៏ត្រូវបានពិន័យ ២០,០០០ អឺរ៉ូផងដែរ ចំពោះបទល្មើសដូចគ្នា នៅកីឡដ្ឋាន Etihad ។ បន្ថែមលើនេះ ក្លិបយក្សក្រូអាស៊ីមួយនេះ ក៏ត្រូវបានហាមមិនឱ្យលក់សំបុត្រដល់អ្នកគាំទ្រ ពួកគេពេលប្រកួតក្រៅផ្ទះលើកបន្ទាប់ ក្នុងពានទ្វីបអឺរ៉ុប។

ចំណែកឯម្ចាស់ពាន Champions League ហង្សក្រហម Liverpool ក៏រងពិន័យ ១០,០០០អឺរ៉ូ ដោយសារអ្នកគាំទ្ររត់ចូលទីលាន ភ្លាមៗបន្ទាប់ពី ប្រកួតឈ្នះ Red Bull Salzburg ៤-៣ កាលពីដើមខែតុលាកន្លងទៅ រួមទាំង Salzburg រងពិន័យ៣២៥០អឺរ៉ូ ផងដែរ។ ចំពោះក្រុម Ajax ក៏ត្រូវបានហាមមិនឱ្យលក់សំបុត្រ ដល់អ្នកគាំទ្រ សម្រាប់ការប្រកួតក្រៅផ្ទះលើកក្រោយ ក្នុងពានអឺរ៉ុបផងដែរ និងត្រូវពិន័យជាប្រាក់៥០,០០០អឺរ៉ូ ចំពោះសកម្មភាពបែបបំផ្លាញ និងការរំខានពីអ្នកគាំទ្រ ពេលប្រកួតជាមួយ Valencia ។ ករណីទៀត រងការពិន័យ ១៨,០០០ អឺរ៉ូផ្សេងទៀត ចំពោះការប្រព្រឹត្តមិនសមរម្យអំឡុងការប្រកួតទល់ Valencia នោះ ដែលកីឡាករ Ajax ៦នាក់រងពិន័យកាតលឿង ។

សូមបញ្ជាក់ថា ក្រៅពីក្លិបធំៗខាងលើ ក៏មានក្លិប Celtic រងការពិន័យ ដោយសារអ្នកគាំទ្រដុតកាំជ្រួចភ្លើងក្នុងការប្រកួត Europa League ជាមួយ Cluj ផងដែរ៕ធ.ដ


អត្ថបទទាក់ទង