ពានរង្វាន់កីឡាវាយកូនហ្គូល ស៊ី ជី អេ លើក១៦ មានអ្នកចុះឈ្មោះចូលរួម ប្រកួតចំនួន១០០នាក់ហើយ
ថ្ងៃ សុក្រ ទី ១៨ ខែ តុលា ឆ្នាំ ២០១៩

ឯកឧត្តម ឯក វណ្ណឌី ប្រធានក្លិបកីឡាវាយកូនគោល ក្លិប ស៊ីជីអេ បានបញ្ជាក់ថា ចំនួននៃចុះឈ្មោះសុំសិទ្ធចូលរួមប្រកួត មាន១០០នាក់ហើយ ។

ប្រធានក្លិបរូបនេះ អះអាងទៀតថា ព្រឹត្តិការណ៍ប្រកួត កីឡាវាយ កូនគោលពានរង្វាន់មួយនេះ ក្លិប ស៊ី ជី អេ គឺបានបង្កើតឡើងរៀង រាល់៣ខែម្តង ក្នុងគោលដៅរួមចំណែកបំផុសឲ្យកីឡាវាយកូន គោល នៅកម្ពុជាកាន់តែមានសកម្មភាពផុសផុលរីកចំរើន ជាពិសេស គឺចង់ផ្តល់ឱកាសដល់កីឡាករ កីឡាការិនីមិនមែនអាជីពបានចូលរួមប្រកួតប្រជែងបញ្ចេញនូវសមត្ថភាព បង្កើនសាមគ្គី មិត្តភាព និងភាពសប្បាយរីករាយ ជាពិសេសលេងកីឡាដើម្បី សុខភាពផងដែរ ។

លោក ម៉ុន សុខជា អ្នកចាត់ការទូទៅក្លិប ស៊ី ជី អេ បានលើក ឡើងថា ព្រឹត្តិការណ៍ប្រកួតនេះ មាន៧ ពានរង្វាន់ ចែកចេញជា ៧ កម្រិត ។ អ្នកចាត់ការទូទៅ បញ្ជាក់ទៀតថា តាមរយៈការប្រកួត ដែលក្លិបស៊ីជីអេរៀបចំរៀងរាល់៣ខែម្តងនេះ បានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីកម្ពុជាឲ្យយល់ដឹងកាន់តែច្បាស់ពីលក្ខន្តិកៈ និងច្បាប់របស់កីឡាវាយកូនគោល ។

សូបញ្ជាក់ថា ការប្រកួតកីឡាវាយកូនគោល លើកទី១៦ ដែល ដំណើរការប្រកួតផ្លូវការ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ ខាងមុខ នេះ ក្រោមការឧបត្ថម្ភធំដោយសាលាអន្តរជាតិវេស្ទើន។ គួររំលឹកថា ក្លិបកីឡាវាយកូនគោលស៊ីជីអេ បានបង្កើនឡើង ដើម្បីចូលរួមចំណែកក្នុងការបណ្តុះបណ្តាលកីឡាករការិនីកូនគោល និងបំផុសលើកស្ទួយវិស័យកីឡាកូនគោលនៅកម្ពុជា ហើយរហូត មកដល់ពេលនេះ ក្លិបវាយកូនគោលមួយនេះបាន គៀងគរ សមាជិក ដែលស្រលាញ់កីឡាវាយកូនគោលប្រមាណជាជាង២០០នាក់ហើយ៕ធ.ដ