ក្រោយដណ្តើមបានពាននៅបារាំង កីឡាការិនី អ៊ុន ស្រីយ៉ា ប្តេជ្ញាពង្រឹង ការហ្វឹកហាត់ទ្វេដងដើម្បីត្រៀមដណ្តើមមេដាយ នៅស៊ីហ្គេម បន្តទៀត
ថ្ងៃ ពុធ ទី ១៦ ខែ តុលា ឆ្នាំ ២០១៩

អត្តពលិកកីឡាការិនីប៊ូល និងប៉េតង់កម្ពុជា ៣រូប រួមនឹងគ្រូបង្វឹកលោក សុខ ម៉ុង កាលពីថ្ងៃទី១៥ ខែ តុលាម្សិលមិញនេះ បានត្រលប់មកដល់កម្ពុជាវិញហើយ ជាមួយនឹងពានមួយដែលដណ្តើមបានដោយកីឡាការិនី អ៊ុន ស្រីយ៉ា ពីការការប្រកួតកីឡាប៉េតង់លក្ខណៈអន្តរជាតិព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ ទ្រូហ្វី អ៊ីគីប 2019 (Trophee l'Équipe) នៅបារាំង។ ក្នុងដំណើរនិវត្តន៍មកដល់មាតុប្រទេសវិញ របស់អត្តពលិកកីឡាប៉េតង់កម្ពុជាយប់មិញនេះ មានការទទួលស្វាគមន៍ពីសំណាក់ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងមន្រ្តីក្រោមឱវាទមួយចំនួនទៀតផងដែរ។

លោក សុខ ម៉ុង គ្រូបង្វឹកបានបញ្ជាក់ថា ការប្រកួតលក្ខណៈអន្តរជាតិព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ ទ្រូហ្វី អ៊ីគីប 2019 (Trophee l'Équipe) នេះមានប្រទេសចូលរួមចំនួន១១ សរុប១៦ក្រុម ដោយប្រទេសខ្លះមាន២ក្រុមចូលរួមទាំងបុរស និងនារី ដោយឡែកសម្រាប់ប្រទេសកម្ពុជា គឺគេអញ្ជើញតែក្រុមនារីទេ ដោយសារតែព្រឹត្តិការណ៍អន្តរជាតិនេះ គេចម្រាញ់យកតែអ្នកខ្លាំងចូលរួមប៉ុណ្ណោះ។

ដូច្នោះហើយ កម្ពុជា បានបញ្ជូនកីឡាករិនី៣រូបចូលរួម គឺអ្នកស្រី កែ ឡេង ស្រៀង សារ៉ាឃីម និងកីឡាការិនី អ៊ុន ស្រីយ៉ា ដែលជាលទ្ធផលអត្តពលិកកម្ពុជាយើងដណ្តើមបានពានចំណាត់លេខ១មួយប៉ុណ្ណោះ គឺដណ្តើមបានដោយ កីឡាការិនី អ៊ុន ស្រីយ៉ា លើវិញ្ញាសាប្រកួតម្នាក់ទល់ម្នាក់។ កីឡាការិនី អ៊ុន ស្រីយ៉ា បានបង្ហាញក្តីរំភើបរីករាយលាយឡំជាមួយទឹកភ្នែក ហើយប្តេជ្ញាពង្រឹងការហ្វឹកហាត់ទ្វេដង ដើម្បីត្រៀមដណ្តើមមេដាយពីស៊ីហ្គេមនៅប្រទេសហ្វីលីពីន ចុងឆ្នាំ២០១៩ខាងមុខនេះ ជាពិសេសស៊ីហ្គេម នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ ទ្រូហ្វី អ៊ីគីប 2019 (Trophee l'Équipe) ចាប់ផ្តើមពីថ្ងៃទី០៨ ដល់ថ្ងៃទី១៣ ខែតុលា ២០១៩ នៅប្រទេសបារាំង ប្រទេសចូលរួមចំនួន១១ សរុបមានក្រុមចំនួន១៦ក្រុម គឺបុរស៨ក្រុម និងនារី៨ក្រុម។ សម្រាប់ប្រទេសកម្ពុជា គឺត្រូវបានអញ្ជើញតែកីឡាការិនីចូលរួមប៉ុណ្ណោះ ក្នុងនោះមាន កីឡាការិនី ស្រៀង សារ៉ាឃីម អ្នកស្រីកែឡេង និងកីឡាការិនី អ៊ន ស្រីយ៉ា។

អ្នកទាំង៣នេះ សុទ្ធសឹងជាម្ចាស់មេដាយមាស ប្រាក់ពីភពលោក ក្នុងនោះជាលទ្ធផលសរុបរួម ប្រទេសដណ្តើមបានចំណាត់លេខ១ដណ្តើមបានពានច្រើនជាងគេ បានទៅប្រទេសបារាំងម្ចាស់ផ្ទះទទួលបានពាន២ ចំណាត់ថ្នាក់លេខ២ បានទៅប្រទេសអ៊ីតាលី ទទួលបានពាន២ ហើយដោយឡែកកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៥ដណ្តើមបានពាន១៕ធ.ដ