ប្រធានប្រតិបត្តិពានរង្វាន់ Soccer League លើកឡើងថា ចាញ់ ឬឈ្នះមិនសំខាន់ តែអ្វីដែលសំខាន់ គឺភាពថ្លៃថ្នូ ឈ្នះដោយយុត្តិធម៌
ថ្ងៃ ច័ន្ទ ទី ១៤ ខែ តុលា ឆ្នាំ ២០១៩

ប្រធានប្រតិបត្តិរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ឆ្នាំ២០១៩ បានលើកឡើងនៅក្នុងកិច្ចប្រជុំជាមួយតំណាងក្រុមបាល់ទាត់ទាំងទាំង៧២ក្រុម ដែលត្រៀមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Soccer League ឆ្នាំ២០១៩ នាចុងសប្តាហ៍កន្លងទៅថា ចាញ់ ឬឈ្នះមិនសំខាន់តែអ្វីដែលសំខាន់គឺភាព ថ្លៃថ្នូ ឈ្នះដោយយុត្តិធម៌។

ឯកឧត្តម ខៀវ ភារិទ្ធ លើកឡើងទៀតថា យើងដឹងច្បាស់ថា ក្រុមបាល់ទាត់ដែលដាក់ពាក្យចូលរួមប្រកួតសុទ្ធសឹងតែចង់ឈ្នះ ប៉ុន្តែយើងចង់ឲ្យការឈ្នះ របស់ក្រុមទាំងអស់វាគោរពបាននូវក្រមសីលធម៌ និងសេចក្តីថ្លៃថ្នូប្រកបដោយភាពយុត្តិធម៌មិនប្រព្រឹត្តប្រាស់ចាកពីលក្ខន្តិកៈកំណត់របស់គណៈកម្មការរៀបចំការប្រកួតឡើយ ពោលគឺយើងរៀបចំចង់បានផលវិជ្ជមានកាត់បន្ថយឲ្យអស់នូវភាពចម្រូងចម្រាសដែលបង្កឡើងដោយកីឡាកររបស់យើង។

ប្រធានប្រតិបត្តិរៀបចំការប្រកួតរូបនេះ បញ្ជាក់ថា គោលបំណងនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ពាក់កណ្តាលអាជីពនេះ គឺសហពភាពសហព័ន្ធយុវជនកម្ពុជាបង្កើតឡើង ដើម្បីបង្កើតស្មារតីទំនាក់ទំនងសាមគ្គីភាពគ្នា តាមរយៈការលេងកីឡាជាមួយគ្នា ព្រោះថា កីឡា គឺជាទូតមួយអាចផ្សារភ្ជាប់ទំនាក់ទំនងធ្វើអោយក្រុមបាល់ទាត់ទាំងអស់បានស្គាល់គ្នា និងមានភាពស្និទ្ធស្នាលគ្នាកាន់តែស៊ីជម្រៅ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ Soccer League ឆ្នាំ២០១៩នេះ មានក្រុមចូលរួមសរុបចំនួន៧២ក្រុម ចែកចេញជា១៦ពូល ក្នុងមួយពូលមាន៤ក្រុម ធ្វើការប្រកួតតាមរូបមន្តជម្រុះក្នុងពូល ដែលធ្វើការប្រកួតលើ៥ទីលាន គឺពហុកីឡដ្ឋានជាតិអូឡាំពិក កីឡដ្ឋានស្តាត់ចាស់ កីឡដ្ឋានអេ អាយអេ កីឡដ្ឋាន KMH PARK និងកីឡដ្ឋានអគ្គសនី ចាប់ផ្តើមការប្រកួតជាផ្លូវការពីថ្ងៃទី២ ខែវិច្ឆិកា ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩។ កីឡាករដែលអនុញ្ញាតឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះបាន កីឡាករដែលមិនមាននៅក្នុងបញ្ជីឈ្មោះក្នុងពានរង្វាន់លីគចាប់ពីឆ្នាំ២០១៦រហូតមកដល់បច្ចុប្បន្ន៕ម.ន


អត្ថបទទាក់ទង