ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០១៩ បានបើកការប្រកូតជាផ្លូវការ
ថ្ងៃ ច័ន្ទ ទី ១៤ ខែ តុលា ឆ្នាំ ២០១៩

ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០១៩ បានបើកជាផ្លូវការក្រោមវត្តមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT ដែលធ្វើការប្រកួតរយៈពេល៤ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ នៅសាលប៊ូយ៉ុង ក្នុងពហុកីឡដ្ឋានជាតិ។

លោក គង់ សក្ខិដា អគ្គលេខាធិការខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT បានឲ្យដឹងថា ការប្រកួត ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះ មានក្លិបសមាគមចូលរួមចំនួន២៦ ក្នុងនោះ ក្លិបសមាគម នៅរាជធានីភ្នំពេញចំនួន២០ និងមកពីបណ្ដាខេត្តនានា ចំនួន៦ក្លិប។ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីចំនួន ១៧៣នាក់ ដែលក្នុងនោះ ប្រតិភូ និងគ្រូបង្វឹកចំនួន៥៣នាក់ កីឡាករ៧៤នាក់ និងកីឡាការិនី៤៦ នាក់ ប្រកួតលើ២១វិញ្ញាសា រួមមាន៖ មេគុន មានចំនួន៦វិញ្ញាសា និងប្រយុទ្ធមាន ចំនួន១៥វិញ្ញាសា។

ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានមានប្រសាសន៍ថា «ការរៀបចំការប្រកួតនេះ គឺក្នុងគោលបំណងពង្រឹងបច្ចេកទេសដល់កីឡាករ-កីឡាការិនី ដើម្បីជ្រើសរើសចូលជាជម្រើសជាតិ សម្រាប់ត្រៀមលក្ខណៈសម្បត្តិ ចូលរួមក្នុងការប្រកួតកីឡាតំបន់អាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា “ស៊ីហ្គេម” នៅក្នុងប្រទេស ហ្វីលីពីន នៅចុងឆ្នាំ២០១៩នេះ ជាពិសេស គឺត្រៀមចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ»។

សូមបញ្ជាក់ថា ការប្រកួតជ្រើសរើសជើងឯកជាតិថ្នាក់ជាតិឆ្នាំ២០១៩ ទទួលបានការផ្គត់ផ្គង់ដោយប្រើប្រាស់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលធ្វើការប្រកួត រយៈពេល៤ថ្ងៃ គឺចាប់ពី ថ្ងៃទី១២ តុលា ហើយបញ្ចប់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩៕ម.ន


អត្ថបទទាក់ទង