លោកជំទាវ ឃួន សុដារី អញ្ជើញចូលរួមពិធីបើកជាផ្លូវការមហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា IPU នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី
ថ្ងៃ ច័ន្ទ ទី ១៤ ខែ តុលា ឆ្នាំ ២០១៩

នៅល្ងាចថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ ២០១៩ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាទៅចូលរួមពិធីបើកជាផ្លូវការមហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា (IPU) នៅមជ្ឈមណ្ឌល SAVA Centre នាទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី។

មហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា(IPU) ក្រោមមូលបទស្នូល “ការពង្រឹងច្បាប់អន្តរជាតិ៖ តួនាទី និងយន្តការសភា និងការចូលរួមចំណែកកិច្ចសហប្រតិបត្តិការក្នុងតំបន់” បានប្រារព្ធធ្វើឡើងនៅវេលាម៉ោង៧:៣០នាទីល្ងាច (ម៉ោងក្នុងប្រទេសស៊ែប៊ី) ក្រោមអធិបតីភាព ឯកឧត្តម  អាឡិចសាន់ដ័រ វូសីក (Aleksandar Vucic) ប្រធានាធិបតីនៃសាធារណរដ្ឋស៊ែប៊ី លោកជំទាវ កាប្រ៊ីយែលឡា គូអេវ៉ាស បារ៉ុន (Gabriela Cuevas Barron) ប្រធានសហភាពអន្តរសភា IPU លោកជំទាវ ម៉ាចា ហ្សកកូវិច (Maja Gojkovic) ប្រធានសភាស៊ែប៊ី និងលោកស្រី ថាតធីយ៉ាណា វ៉ាឡូវ៉ាយ៉ា (Tatiana Valovaya) អគ្គនាយិកា នៃការិយាល័យអង្គការសហប្រជាជាតិ និងដោយមានការចូលរួមយ៉ាងច្រើនពីគណៈប្រតិភូសភាប្រទេសជាសមាជិក IPU ប្រមាណជាង១៧០០នាក់ មកពី១៤០ប្រទេស ក្នុងនោះមានប្រធានសភា៧០រូប អនុប្រធាន៤០រូប តំណាងរាស្រ្ត៧០០នាក់ ជា ស្រ្តី៣០% និងវ័យក្មេង១៧% ព្រមទាំងតំណាងស្ថាប័នសំខាន់ៗ មានអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងដៃគូសង្គមស៊ីវិល មកពីបណ្តាប្រទេសពាសពេញពិភពលោកជាច្រើនទៀត។

សូមជម្រាបផងដែរថា គោលបំណងដ៏ចម្បងនៃសន្និបាតនេះ គឺផ្តោតជាសំខាន់ លើការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ ដើម្បីពង្រឹងសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ដែលនាពេលនោះ សមាជិកសភានឹងពិភាក្សាពីការវិវឌ្ឍចុងក្រោយ ដើម្បីលើកកម្ពស់សមភាពយេនឌ័រ ផ្តល់សិទ្ធិអំណាចដល់យុវជន ការពារសិទ្ធិមនុស្ស និងសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។

សហភាពអន្តរសភា(IPU) ជាអង្គការនីតិប្បញ្ញត្តិធំមួយ បង្កើតឡើងក្នុងឆ្នាំ១៨៨៩ ដែលមានសមាជិក ជាសភាមកពីរដ្ឋអធិបតេយ្យចំនួន១៧៩។ សភាកម្ពុជាចូលជាសមាជិកIPU ក្នុងខែមេសា ឆ្នាំ១៩៩៧ នៅសន្និសីទអន្តរសភាលើកទី៩៧ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ IPU ជាអង្គការនយោបាយ ពហុភាគីដំបូងគេនៅលើពិភពលោកដែលជំរុញកិច្ចសហប្រតិបត្តិការ និងកិច្ចសន្ទនារវាងប្រជាជាតិទាំងអស់។

IPU បានលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងជួយសភាឱ្យកាន់តែរឹងមាំ មានតុល្យភាពយេនឌ័រ មានការចូលរួមពីសមាជិកសភាដែលមានវ័យក្មេង និងមានលក្ខណៈចម្រុះ។ ក្នុងរយៈពេលពីរដងក្នុងមួយឆ្នាំ IPU តែងកោះប្រជុំប្រតិភូសភា និងដៃគូជាង១,៥០០នាក់ នៅក្នុងសន្និបាតពិភពលោកដោយនាំមកនូវវិមាត្រសភាដល់អភិបាលកិច្ចពិភពលោក រួមទាំងការងាររបស់អង្គការសហប្រជាជាតិ និងការអនុវត្តរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព៕ធ.ដ