ឯកឧត្តម វ៉ាត់ ចំរើន រំពឹងថានឹងមានអ្នកចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្តលើកទី២៤ ដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះកាន់តែច្រើនជាងមុន
ថ្ងៃ សុក្រ ទី ១១ ខែ តុលា ឆ្នាំ ២០១៩

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រំពឹងថាអ្នកដែលចូលចិត្តដើរផ្សងព្រេងនិងអ្នករត់ប្រណាំងរាប់ពាន់នាក់ ដែលមកពីជុំវិញពិភពលោកនឹង មកចូលរួមព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្តលើកទី២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩  នឹងមានអ្នកចូលរួមរត់ប្រណាំងច្រើនជាងមុននៅឆ្នាំនេះ ។
ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុននេះមានគោលបំណងលើកកម្ពស់សុខភាពនិងសុខមាលភាពជាពិសេសព្រមទាំងរៃអង្គាសថវិកាដើម្បីគាំទ្រដល់អង្គការដែលជួយដល់កុមារក្រីក្រនិងជនរងគ្រោះដោយសារគ្រាប់មីននៅកម្ពុជាដែលក្នុងនោះរួមមានមន្ទីរពេទ្យគន្ធបុប្ផា មន្ទីរពេទ្យកុមារអង្គរ កាកបាទក្រហមកម្ពុជា និងអង្គការសប្បុរសធម៌ដទៃទៀតនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម វ៉ាត់ ចំរើន បានសម្ដែងសេចក្ដីសោមនស្សរីករាយ ដែលបានឃើញពីកំណើនកើនឡើងរបស់អ្នករត់ប្រណាំង ជារៀងរាល់ឆ្នាំក្នុងព្រឹត្តិការណ៍នេះ ជាពិសេសពេលដែលឃើញការចូលរួមកាន់តែច្រើនជាងមុនពីប្រជាជនកម្ពុជា។ អគ្គលេខាធិការរូបនេះបានបញ្ជាក់អោយដឹងថា កាលពីឆ្នាំមុនអ្នករត់ប្រណាំងជាង ១ម៉ឺននាក់មកពីជិត ៨០ប្រទេសបានចូលរួមក្នុងព្រឹត្តិការណ៍នេះហើយជនជាតិខ្មែរមានចំនួនច្រើនជាង ៥០ភាគរយ នៃអ្នករត់ប្រណាំងសរុប ។ ឯកឧត្តម ជឿជាក់ថាព្រឹត្តិការណ៍នេះនឹងនៅតែបន្តទទួលបានភាពជោគជ័យ ព្រមទាំងក្លាយជាកម្មវិធី រៃអង្គាសថវិកាដ៏សំខាន់មួយដើម្បីបម្រើគោលដៅសប្បុរសធម៌នៅកម្ពុជាផងដែរ។ ឯកឧត្តម បានបញ្ជាក់ថា នៅឆ្នាំមុនថវិកាជាង ១០ម៉ឺនដុល្លារត្រូវបានរៃអង្គាសតាមរយៈព្រឹត្តិការណ៍នេះដើម្បីគាំទ្រដល់សមាគមកម្ពុជា ។   គួរំលឹកថា ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុន នៅអង្គរវត្ត ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ១៩៩៦ មក។ ដោយមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ព្រឹត្តិការណ៍នេះបានចូលរួមយ៉ាងសកម្មក្នុងការរៃអង្គាសថវិកាសប្បុរសធម៌ដើម្បីគាំទ្រដល់ជនរងគ្រោះដោយសារគ្រាប់មីននៅកម្ពុជា។ ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងនៅក្នុងតំបន់ប្រាសាទអង្គរវត្ត ដែលជាតំបន់បេតិកភណ្ឌពិភពលោកហើយត្រូវបានរៀបចំជារៀងរាល់ឆ្នាំដើម្បីផ្ដល់ការលើកទឹកចិត្ត និងក្តីសង្ឃឹមដល់ជនរងគ្រោះទាំងនោះព្រមទាំងអំពាវនាវដល់ពិភពលោកឲ្យគាំទ្រដល់ការហាមឃាត់ការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្សជាតិ។
  សូមបញ្ជាក់ថាការរត់ប្រណាំងនេះចាប់ផ្ដើមនៅម៉ោង ៥ និង ១៥នាទីព្រឹកហើយអ្នករត់ប្រណាំងអាចូលរួមក្នុងចម្ងាយប្រកួតចំនួន ៤ប្រភេទដែលក្នុងនោះមានចំងាយ ២១ គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥ គីឡូម៉ែត្រឬ ៣គីឡូម៉ែត្រ។ ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះសូមចុះឈ្មោះក្នុងគេហទំព័រ www.cambodia-events.org​  ។