ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

ឯកឧត្តម វេង សាខុនបញ្ជាក់ថា៖ វិស័យកសិកម្មនៅតែបំពេញតួនាទីយ៉ាងសំខាន់ដើម្បីចីរភាពកំណើនសេដ្ឋកិច្ច-សង្គមនៅជនបទ ការកាត់បន្ថយភាពក្រីក្រ និងធានាបាននូវប្រព័ន្ធសន្តិសុខស្បៀង
ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ តុលា ឆ្នាំ ២០១៩

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ មានរៀបចំសិក្ខាសាលាស្តីពីការចាប់ផ្តើមអនុវត្តគម្រោងពិធិពកម្មវិស័យកសិកម្មកម្ពុជា (Cambodia Agriculture Sector Diversification Project, CASDP) ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកស្រី Inguna Dobraja តំណាងធនាគារពិភពលោកប្រចាំកម្ពុជា (The World Bank) និងមានការចូលរួមពីឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម ។
លោកបណ្ឌិត សរ ចិត្រា នាយកគម្រោងបានអានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបអំពីសាវតាររបស់គម្រោងដោយសង្ខេបថា CASDP បានអនុម័តដោយធនាគារពិភពលោក កាលពីខែមករា ឆ្នាំ២០១៩ មានថវិកាសរុប១០១,៦៧លានដុល្លារ ដែលក្នុងនោះមានថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ១០លានដុល្លារ មានរយ:ពេល ៦ឆ្នាំ (២០១៩-២០២៥) ក្នុងខេត្តគោលដៅចំនួន១២គឺ៖ខេត្តកំពង់ឆ្នាំង បាត់ដំបង ព្រះវិហារ សៀមរាប ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ និងរាជធានីភ្នំពេញ។  លោកស្រីតំណាងធនាគារពិភពលោក បានធ្វើចំណាប់អារម្មណ៍ជុំវិញគម្រោងខាងលើក្នុងន័យសំខាន់ៗថា វិស័យកសិកម្មកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាព បង្កើតការងារ និងកំណើនសេដ្ឋកិច្ចជាតិ។ គម្រោង CASDP វានឹងបំពេញតួនាទីសំខាន់ៗដូចជា១. ជួយសម្របសម្រួលការវិនិយោគធុរកិច្ចកសិកម្ម ២. ជំរុញ និងលើកទឹកចិត្តការវិនិយោគកសិដ្ឋាន និងសម្ភារកសិកម្ម ៣. ពង្រឹង និងផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃ និងទីផ្សារ ៤. លើកទឹកចិត្តឲ្យមានកាលានុវត្តភាពធុរកិច្ចកសិកម្ម ៥. កំណត់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ ដែលជាមូលដ្ឋានគ្រឹះក្នុងការដោះស្រាយបញ្ហា ដើម្បីគាំទ្រ និងអភិវឌ្ឍន៍ធុរកិច្ចកសិកម្ម។ លោកស្រីក៏បានបញ្ជាក់បន្ថែមថា ធនាគារពិភពលោកនឹងនៅបន្តធ្វើការគាំទ្រ និងឧបត្ថម្ភទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។
ឯកឧត្តម វេង សាខុន បានគូសបញ្ជាក់ថា យោងតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលបាននិងកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅលើវិស័យកសិកម្ម តាមរយ:ការធ្វើទំនើបកម្មលើវិស័យកែច្នៃ ការអភិវឌ្ឍខ្សែច្រវាក់តម្លៃ បង្កើនតម្លៃបន្ថែម ដើម្បីធ្វើការប្រកួតប្រជែង។ រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់លើការបង្កើនផលិតភាព ការធ្វើពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ការលើកកម្ពស់ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ការគ្រប់គ្រងធនធានជលផល និងព្រៃឈើប្រកបដោយចីរភាព ការពង្រឹងស្ថាប័ន ការអភិវឌ្ឍហេដ្ឋារចនា        សម្ព័ន្ធជនបទ ការបង្កើនប្រសិទ្ធភាពសេវាគាំទ្រ និងការអភិវឌ្ឍធនធានមនុស្សផ្អែកលើគោលការណ៍អាទិភាពចំនួន៤ គឺ “មនុស្ស ផ្លូវ ភ្លើង និងទឹក”។ ឯកឧត្តមបន្តថា វិស័យកសិកម្មនៅតែបំពេញតួនាទីយ៉ាងសំខាន់ដើម្បីចីរភាពកំណើនសេដ្ឋកិច្ច-សង្គមនៅជនបទ ការកាត់បន្ថយភាពក្រីក្រ និងធានាបាននូវប្រព័ន្ធសន្តិសុខស្បៀង។ ហេតុផលនេះឯកឧត្តម បានស្នើឲ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ត្រូវមានឆន្ទៈចូលរួមអភិវឌ្ឍន៍បន្តទៀត និងវិនិយោគវិស័យកសិកម្មប្រកបដោយចីរភាព និងបរិយាប័ន្នដោយផ្សារភ្ជាប់ទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជានាឆ្នាំ២០៣០ ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន សាកលភាវូបនីយកម្ម ការប្រកួតប្រជែងទីផ្សារ ការប្រែប្រួលអាកាស ធាតុ និងការអភិវឌ្ឍបដិវត្តន៍ឧស្សាហកម្មទី៤ ក្នុងទិសដៅប្រែក្លាយ កសិកម្មកម្ពុជាឲ្យទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និរន្តរភាព កំណើនប្រាក់ចំណូលដើម្បីរួមចំណែកធ្វើឲ្យសម្រេចនូវចក្ខុវិស័យនៅឆ្នាំ២០៣០ និង ២០៥០។  គម្រោង CASDP នេះពិតជាចូលរួមចំណែកក្នុងការសម្រេចនូវកំណើនសេដ្ឋកិច្ចជាតិ ចក្ខុវិស័យ ទិសដៅ និងយុទ្ធសាស្រ្តដូចបានលើកឡើងខាងដើមនេះក៏ពិតមែន ប៉ុន្តែជាការឆ្លើយតប លោកស្នើឲ្យមន្រ្តីនៃអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង និងមន្រ្តីអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវបង្កើនសមត្ថភាព និងយកចិត្តទុកដាក់អនុវត្តសកម្មភាពការងាររបស់ខ្លួនតាមភារកិច្ចឲ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាស្របតាមអភិក្រម “រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍” ដោយត្រូវរៀបចំយុទ្ធសាស្រ្ត ផែនការ សកម្មភាព ធ្វើយ៉ាងណាឲ្យការអនុវត្តគម្រោងបានល្អប្រសើរតាមគោលដៅរំពឹងទុក រួមជាមួយនឹងការប្រើប្រាស់ហិរញ្ញប្បទានប្រកបដោយតម្លាភាពក្នុងស្មារតីទទួលខុសត្រូវ ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់ប្រជាជន និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងបរិបទបច្ចុប្បន្ននេះ។