ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

ពិព័រណ៍ផលិតផលខ្មែរ ភូមិ១ផលិតផល១ ក្នុងយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៤ ឆ្នាំ២០១៩ និងសម្ពោធដាក់ឲ្យប្រើប្រាស់ម៉ាក់សមូហភាព “គុយទាវភ្នំពេញ”
ថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ តុលា ឆ្នាំ ២០១៩

ពិព័រណ៍ផលិតផលខ្មែរ ភូមិ១ផលិតផល១ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៤ ឆ្នាំ២០១៩ និងការសម្ពោធដាក់ឲ្យប្រើប្រាស់ម៉ាក់សមូហភាព “គុយទាវភ្នំពេញ” ត្រូវបានរៀបចំធ្វើនៅមជ្ឈមណ្ឌលសន្និបាទ និងពិព័រណ៍កោះពេជ្រ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តាអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ឯកឧត្តម ប៉ាន សូរស័ក្តី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកជំទាវ អ៊ឹង គន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក ម៉ារីយូ ម៉ាទុស (Mario Matus) អគ្គនាយករងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍។

លោក សុង តេង ប្រធានសមាគមចុងភៅកម្ពុជា បានឡើងជម្រាបជូនរបាយការណ៍សង្ខេបស្តីពីការកសាងម៉ាកសមូហភាព “គុយទាវភ្នំពេញ”  ដោយបញ្ជាក់ថា ដំណើរការនៃការរៀបចំចុះបញ្ជីម៉ាក់សមូហភាព “គុយទាវភ្នំពេញ” ត្រូវបានធ្វើតាំងពីដើមឆ្នាំ២០១៨មកម្ល៉េះ ហើយលោក និងសមាជិកក្នុងសមាគមពិតជាមានក្តីរីករាយណាស់ដែលម៉ាកសមូហភាព “គុយទាវភ្នំពេញ” ត្រូវបានចុះបញ្ជីជាផ្លូវការទទួលជាអន្តរជាតិ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃនេះ។ ជាមួយគ្នានោះ លោក ម៉ារីយូ ម៉ាទូស បានមានប្រសាសន៍ អង្គការកម្មសិទ្ធិបញ្ញាពិភពលោក បានឆ្លើយតបជាវិជ្ជមានចំពោះសំណើសុំរបស់ក្រសួងពាណិជ្ជកម្ម ដើម្បីគាំទ្រអាជ្ញាធរកម្ពុជាក្នុងការអភិវឌ្ឍគុយទាវភ្នំពេញ ជាម៉ាកយីហោដែលត្រូវបានការពារ និងទទួលស្គាល់ជាអន្តរជាតិ។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើងថា យុទ្ធនាការទិញផលិតផលខ្មែរ គឺជាផ្នែកមួយយ៉ាងសំខាន់នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការរួមចំណែកពង្រឹងចង្វាក់ផលិតកម្មក្នុងស្រុក បង្កើតឱកាសការងារនៅតាមមូលដ្ឋានដោយផ្តល់ចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗដល់ផលិតករ សំដៅជំរុញពួកគាត់ផលិតនូវទំនិញ និងសេវាដែលមានគុណភាព សុវត្ថិភាព មានអនាម័យល្អ ជាទីទុកចិត្តសម្រាប់អ្នកប្រើប្រាស់ ពិសេសអាចប្រកួតប្រជែងជាមួយទំនិញបរទេស។ ឯកឧត្តមបន្តថា ការបង្កើតម៉ាកសមូហភាព “គុយទាវភ្នំពេញ” គឺជាផ្នែកមួយនៃយុទ្ឋនាការខាងលើ ដែលជាសមិទ្ធកម្ម និងជាមោទនភាពថ្មីមួយទៀតក្នុងការកសាងម៉ាកយីហោផលិតផលសក្តានុពលនៅកម្ពុជា បន្ទាប់ពីកន្លងទៅថ្មីៗនេះ ក្រសួងបានសម្ពោធម៉ាក “ម្លិះអង្គរ” ដែលជាម៉ាកវិញ្ញាតកម្មទី១លើផលិតផលអង្ករ និងម៉ាក “ក្រូចថ្លុងកោះទ្រង់” ជាម៉ាកសម្គាល់ភូមិសាស្ត្រទី៣របស់កម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងពាណិជ្ជកម្ម ដែលដឹកនាំដោយឯកឧត្តម ប៉ាន សូរស័ក្តិ ក្នុងការរៀបចំព្រឹត្តិការណ៍នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា ការលើកកម្ពស់ការប្រើប្រាស់ ការយល់ដឹង និងគាំទ្រដល់ផលិតផលខ្មែរ គឺជាការងារដែលយើងទាំងអស់គ្នាត្រូវរួមសហការគ្នាធ្វើ  ទាំងស្ថាប័នរដ្ឋ អង្គការដៃគូ វិស័យឯកជន និងសហគមន៍។ ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ដែលត្រូវបានធ្វើជារៀងរាល់ឆ្នាំ នៅថ្ងៃទី៩ មេសា រួមនឹងយុទ្ធនាការទិញផលិតផលខ្មែរ គឺជាសំឡេងជួងដាស់អង្រួនស្មារតីប្រជាជនយើង ឱ្យងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យបានច្រើនជាអតិបរមា។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបន្ថែមថា កម្ពុជាបាននាំចេញទំនិញ និងសេវាទៅកាន់ទីផ្សារចំនួន១៤៧ប្រទេស គិតជាតម្លៃប្រមាណ ៦០ភាគរយនៃ ផ.ស.ស. រួមចំណែកយ៉ាងធំធេងដល់កំណើនផលិតផលក្នុងស្រុកសរុប។ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្ត្រី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តដល់ផលិតករ សេវាករ សិប្បករ និងពាណិជ្ជករ ដែលទទួលបានសិទ្ធិធ្វើអាជីវកម្មលើម៉ាក និងយីហោ ដែលទទួលស្គាល់ជាអន្តរជាតិ ត្រូវប្រើប្រាស់នូវភាពស្មោះត្រង់ ភក្តីភាពរបស់ខ្លួន ធ្វើអាជីវកម្មប្រកបដោយភាពសុចរិត មិនកេងបន្លំ បំភ្លៃ ខុសឆ្ងាយពីអ្វីដែលជារូបមន្ត ឬសៀវភៅបន្ទុកក្នុងការផលិត នាំឱ្យខូចប្រយោជន៍សាធារណៈ បណ្តាលឱ្យបាត់បង់កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ប្រទេសជាតិយើង។ ម្យ៉ាងវិញទៀត សូមស្នើដល់សហគ្រិន វិនិយោគិន ធុរជនកម្ពុជាទាំងអស់ ត្រូវខិតខំបង្កើតគំនិតច្នៃប្រឌិត អភិវឌ្ឍន៍ផលិតផល និងសេវាកម្មថ្មីៗប្រកបដោយគុណភាព សោភ័ណភាព សុវត្ថិភាព និងមានតម្លៃសមរម្យ សម្រាប់បម្រើសេចក្តីត្រូវការទីផ្សារ និងសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរឱ្យបានច្រើនជាអតិបរមា។

បន្ទាប់មក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈអធិបតី បានអញ្ញើញកាត់ខ្សែបូ និងរូតវាំងននសម្ពោធម៉ាកសមូហភាព “គុយទាវភ្នំពេញ” និងប្រគល់ប័ណ្ណសរសើរដល់តំណាងអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ប្រគល់វិញ្ញាបនប័ត្រផ្តល់សិទ្ធិអនុញ្ញាតឲ្យប្រើប្រាស់ម៉ាកសមូហភាព “គុយទាវភ្នំពេញ” ជូនលោក សុង តេង និងប្រគល់បន្តដល់សមាជិកសមាគមចុងភៅកម្ពុជា ព្រមទាំងបានអញ្ជើញទស្សនាស្តង់ពិព័រណ៍ផលិតផលខ្មែរនាឱកាសនោះផងដែរ៕ម.ន