សម្ដេចក្រឡាហោម ស ខេង អញ្ជើញបិទមហាសន្និបាតអាណត្តិទី២ របស់សមាគមជាតិ ក្រុមប្រឹក្សារាជធានី-ខេត្ត
ថ្ងៃ ពុធ ទី ០៩ ខែ តុលា ឆ្នាំ ២០១៩

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីភាពក្នុងពិធីបិទមហាសន្និបាត អាណត្តិទី២ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត។ ពិធីនេះ ត្រូវបានរៀបចំធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ដែលមានការចូលរួមពីប្រធានក្រុមប្រឹក្សារាជធានី-ខេត្ត អភិបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

គួរជម្រាបថា ពិធីបើកមហាសន្និបាតសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត បានរៀបចំធ្វើឡើងកាលពីថ្ងៃទី០៨ ខែតុលាម្សិលមិញ ក្នុងគោលបំណង ទី១)បូកសរុបសមិទ្ធផលការងារសម្រេចបានក្នុងរយៈពេល៥ឆ្នាំ ទី២)កែសម្រួល និងអនុម័តលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង និងទី៣)បោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន សមាជិកក្រុមប្រឹក្សាជាតិ និងសមាជិកគណៈកម្មាធិការប្រតិបត្តិជាតិ។

ក្នុងមហាសន្និបាតនេះ ក៏បានបោះឆ្នោតជ្រើសតាំង លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ដើម្បីធ្វើជាប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត អាណត្តិទី៣ អមដោយអនុប្រធាន ចំនួន១២នាក់ផ្សេងទៀត។ សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត ត្រូវបានបង្កើតឡើង តាមរយៈមហាសន្និបាតលើកទី១ នៅថ្ងៃទី២៧-២៨ ខែមីនា ឆ្នាំ២០១៣ ក្នុងគោលបំណងលើកកម្ពស់ឋានៈ អភិវឌ្ឍន៍សមត្ថភាព និងការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សា ដែលជាសមាជិកសមាគមជាតិ គឺក្រុមប្រឹក្សារាជធានីភ្នំពេញ និងក្រុមប្រឹក្សាខេត្តទាំង២៤។ ក្រុមប្រឹក្សារាជធានីភ្នំពេញ និង២៤ ក្រុមប្រឹក្សាខេត្ត គឺជាសមាជិកសមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត។ មាត្រា៨ នៃលក្ខន្តិកៈសមាគមកំណត់ថា សមាគមជាតិរៀបចំមហាសន្និបាតរៀងរាល់៥ឆ្នាំម្តង។ ប្រធាន អនុប្រធានសមាគមជាតិ មានភារកិច្ចចាត់ចែងរៀបចំមហាសន្និបាត។



ក្រោយបញ្ចប់មហាសន្និបាតនេះ សម្តេចក្រឡាហោម ស ខេង បានផ្តល់បទសម្ភាសន៍ខ្លីជាមួយអ្នកសារព័ត៌មានដោយបានថ្លែងថា អ្នកលើកឡើងមតិខុសគ្នា ប៉ុន្តែត្រង់ថាបើគាត់គាំទ្រសកម្មភាពអ្វីដែល សម រង្ស៊ី បានសម្រេចចិត្ត បានប្រកូកប្រកាស នេះជាការខុសច្បាប់ អាហ្នឹងដើរហួស ដូច្នេះ វាមិនមែនជាការគរាម កំហែងទៅលើសិទ្ធិបញ្ចេញមតិនោះទេ បានន័យថាពួកគាត់ធ្វើបំពានច្បាប់ ការប្រមាថព្រះមហាក្សត ឬក៍ចង់ធ្វើរដ្ឋប្រហារ តាមរយៈបដិវត្តន៍ពណ៌ ការប្រមូលកម្លាំងមហាជនផ្តួលរំលំរដ្ឋាភិបាល អាហ្នឹងវាហួសក្របខ័ណ្ឌ ហើយការចាប់ខ្លួននឹងមើលតាមជាក់ស្តែង។
សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ជនពាក់ព័ន្ធនឹងផែនការធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលច្រើននាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងត្រូវបានតុលាការចោទប្រកាន់ជាបន្តបន្ទាប់រួមគនិតក្បត់៕ធ.ដ