ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ ប្រាប់កីឡាករ Esport ថា កម្ពុជាមិនត្រូវការបទពិសោធន៍ ទៀតទេ គឺត្រូវការតែជ័យជម្នះប៉ុណ្ណោះ
ថ្ងៃ សៅរ៏ ទី ០៥ ខែ តុលា ឆ្នាំ ២០១៩

ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sport) បានក្រើនរំលឹកប្រាប់កីឡាករ E-Sport ទាំង៥រូប ដែលត្រូវទៅចូលរួមប្រកួតកីឡា ស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំ២០១៩ខាងមុខថា កម្ពុជាត្រូវការជ័យជម្នះ មិនមែនចេញទៅប្រកួតនៅក្រៅប្រទេសគ្រាន់តែដកស្រង់បទពិសោធន៍បណ្ណោះទេ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ នារសៀលម្សិលមិញ នៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តម ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានព្រមានថា នៅពេលប្រកួត បើចាញ់គេ ត្រូវតែទទួលស្គាល់ថា ចាញ់ កុំប្រើពាក្យថា ទៅដកស្រង់បទពិសោធន៍ជាដាច់ខាត។ ពេលនេះ កីឡាអេឡិចត្រូនិកកម្ពុជា កំពុងតែធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងណាស់។  ការប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នេះ កីឡា E-Sport ត្រូវបានគេដាក់ឲ្យប្រកួត ចំនួន៥វិញ្ញាសា តែសម្រាប់កម្ពុជា ត្រៀមលេងវិញ្ញាសា Mobile Legend Bang Bang ដែលជាវិញ្ញាសាប្រកួត តាមរយៈទូរសព្ទស្មាតហ្វូន (Smart Phone)។ ជាមួយគ្នានោះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៌ ក៏បានដាស់តឿនទៅកីឡាករទាំង៥ រូប ដែលត្រូវទៅចូលរួមប្រកួត កីឡាស៊ីហ្គេមថា ត្រូវប្រយ័ត្នពីដូពីង (ការប្រើប្រាស់ថ្នាំ លើកកម្លាំង ដែលហាមមិនឲ្យប្រើ នៅក្នុងកីឡា)។ ប្រកួតចប់ បើគេរកឃើញថា មានសារធាតុដូពីងនោះ គឺត្រូវដកមេដាយ មកវិញ ជាមួយគ្នានេះ កិត្តិយសរបស់កីឡាករ និងប្រទេសជាតិ ត្រូវធ្លាក់ចុះតែម្ដង។

គួរំលឹកថាក្រុម Helheim ដែលជាក្រុមខ្លាំងជាងគេ នៅស្រុកខ្មែរ បានយកឈ្នះក្រុម Men Version pro ក្នុងការប្រកួតផ្ដាច់ព្រ័ត្រ កន្លងមកថ្មីៗនេះ នឹងត្រូវតំណាងឲ្យកម្ពុជាវទៅចូលរួមប្រកួតកីឡាស៊ីហ្គេម ដោយទទួលបានការជួយឧបត្ថម្ភពីក្រុមហ៊ុនទូរសព្ទសែលកាត និងបណ្ដាក្លិបនានារបស់សហព័ន្ធ។ សូមបញ្ជាក់ថា គិតមកទល់ពេលនេះ មានប្រទេសចំនួន៩ហើយ ដែលបានចុះបញ្ជីចូលរួមប្រកួតកីឡាអេឡិចត្រូនិកនេះ នៅក្នុងការប្រកួតកីឡាស៊ីហ្គេម។ មានតែប្រទេសព្រុយណេ និងប្រទេសទីម័រខាងកើត ប៉ុណ្ណោះ ដែលមិនទាន់ឃើញ ចុះឈ្មោះចូលរួមប្រកួត៕ម.ន