ក្រុមវិទ្យាល័យឬស្សីកែវ ឡើងឈរកំពូលតារាងវិញ ក្រោយយកឈ្នះ វិទ្យាល័យ ជា ស៊ីម សាមគ្គី ៣ទល់២ ពានរង្វាន់ជើងឯកវិទ្យាល័យ ក្នុងសប្តាហ៍ទី១៤
ថ្ងៃ សុក្រ ទី ០៤ ខែ តុលា ឆ្នាំ ២០១៩

ក្រុមវិទ្យាល័យឬស្សីកែវ បានឡើងឈរកំពូលតារាងវិញ ក្រោយយកឈ្នះ វិទ្យាល័យ ជា ស៊ីម សាមគ្គី ក្នុងលទ្ធផល ៣ទល់២ ខណៈ សាលារៀនវេស្ទឡាញ៍ យកឈ្នះ វិទ្យាល័យបឹងត្របែក ឈរលេខ៣ តារាងពិន្ទុសរុប ក្រោយយកឈ្នះ ៤ទល់២ ។
ឆ្លងកាត់១៣ប្រកួត  ក្រុមវិទ្យាល័យឬស្សីកែវ មាន៣៦ពិន្ទុ ឈ្នះ១២ ស្មើរ១ ឡើងឈរលេខ១ លេខ២ វិទ្យាល័យឥន្ទ្រទេវី ឆ្លងកាត់១២ប្រកួត  មាន៣៤ពិន្ទុ ឈ្នះ១១ប្រកួត ស្មើរ១ ប្រកួត លេខ៣ សាលារៀនវេស្ទឡាញ៍ ១២ប្រកួត មាន២១ពិន្ទុ លេខ៤ វិទ្យាល័យ ជា ស៊ីម សាមគ្គី មាន១៩ពិន្ទុ ស្របពេលដែលវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ បន្តឈរបាតតារាងដោយ១២ប្រកួត ចាញ់ទាំងអស់ រីឯ Top Scorer វិញ កីឡាករ គី រីណា របស់វិទ្យាល័យឥន្រ្ទទេវី បន្តឈរលេខ១ ដោយរកបាន៣៣គ្រាប់ ឯសួន សុភ័ក្រ្តា របស់វិទ្យាល័យ ច្បារអំពៅ លេខ២ រកបាន២១គ្រាប់   ។
គួររំលឹកថា ការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកវិទ្យាល័យ លើកទី១ បង្កើតឡើងក្រោមគំនិត ផ្តួចផ្តើមរបស់សហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមក្លឹបបាល់ទាត់បឹងកេត ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានសកម្មភាពផុសផុល និងរីកចំរើនកាន់តែប្រសើរខ្លាំងក្លាបន្ថែមទៀត សំដៅបណ្ដុះស្មារតីស្រឡាញ់កីឡាសុខភាពជៀសឆ្ងាយ ពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន ព្រមទាំងរឹតចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមសិស្សានុសិស្សតាមវិទ្យាល័យនានា ទាំងគ្រឹះស្ថានអប់រំ ចំណេះទូទៅរដ្ឋ និងឯកជន  ។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ទទួល បានការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និងក្រុមហ៊ុនភេសជ្ជៈ POCARI SWEAT និងមានសហការផ្សាយផ្ទាល់ពីអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា ៕