ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

រដ្ឋលេខាធិការក្រសួងបរិស្ថាន ជំរុញឱ្យគ្រប់មជ្ឈដ្ឋានទាំងអស់ប្រតិបត្តិមេត្រីភាពបរិស្ថាន ដើម្បីធានាគុណភាព និងនិរន្តរភាពបរិស្ថាននៅកម្ពុជា
ថ្ងៃ សុក្រ ទី ០៤ ខែ តុលា ឆ្នាំ ២០១៩

«ក្រសួងបរិស្ថាន បានបង្កើតឱ្យមានគោលការណ៍លើកទឹកចិត្តមេត្រីភាពបរិស្ថាន តាមរយៈការផ្តល់ប័ណ្ណសរសើរមេត្រីភាពបរិស្ថាន វិញ្ញាបនបត្រទទួលស្គាល់ ការប្រកួតប្រជែងពានរង្វាន់ និងមេដាយដល់រូបវន្តបុគ្គល និងនីតិបុគ្គល ក្រសួង ស្ថាប័ន អង្គភាព សហគ្រាស រោងចក្រ ដែលបានចូលរួមសកម្មភាពមេត្រីភាពបរិស្ថានផ្តោតសំខាន់ទៅលើការលើកទឹកចិត្តដល់រូបវន្តបុគ្គល ដែលមានឥរិយាបថ ចេះស្រទ្បាញ់ និងចូលរួមចំណែកថែរក្សា ការពារបរិស្ថាន មានទម្លាប់ល្អ និងប្រតិបត្តិល្អចំពោះបរិស្ថាន»។ នេះគឺជាការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅអំឡុងពេលនៃពិធីបើកសិក្ខាសាលាស្តីពីការលើកទឹកចិត្តមេត្រីភាពបរិស្ថាននៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ ២០១៩ នៅរាជធានីភ្នំពេញ។ សិក្ខាសាលាស្តីពីការលើកទឹកចិត្តមេត្រីភាពបរិស្ថាននេះ ត្រូវបានរៀបចំឡើយដោយនាយកដ្ឋានរង្វាន់ និងលើកទឹកចិត្តនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាននៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីយុវជន និងនិស្សិតជាង១០០នាក់។ 

ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងថា ការមានទម្លាប់ល្អចំពោះបរិស្ថាន ឬការធ្វើសកម្មភាពមេត្រីភាពបរិស្ថានមិនមែនជាការលំបាកទ្បើយ ប៉ុន្តែអ្វីដែលលំបាក គឺឥរិយាបថអវិជ្ជមានចំពោះបរិស្ថានរបស់យើងទៅវិញទេ។ ដូចនេះ ការកែប្រែផ្នត់គំនិត និងឥរិយាបថអវិជ្ជមានចំពោះបរិស្ថានទៅជាការធ្វើសកម្មភាពប្រតិបត្តិមេត្រីភាព
បរិស្ថាន គឺជាកត្តាមួយចាំបាច់ដោយចាប់ផ្តើមពីបុគ្គលយើងម្នាក់ៗ បន្តផ្សព្វផ្សាយដល់បុគ្គលច្រើននាក់ផ្សេងៗទៀត។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា «ប្រការសំខាន់ក្នុងការចាប់ផ្តើមមានទម្លាប់ល្អខាងបរិស្ថាន គឺផ្តើមចេញពីការចេះឈឺឆ្អាលក្នុងការសម្អាតអនាម័យបរិស្ថាន ការទុកដាក់វេចខ្ចប់សំណល់ដែលយើងបង្កើតទ្បើងឱ្យបានត្រឹមត្រូវ ពោលគឺចេះទុកដាក់សំណល់សំរាមក្នុងធុង មិនបោះចោលសំរាមពាសវាលពាសកាល ចេះសន្សំសំចៃថាមពលនៅផ្ទះ និងនៅកន្លែងធ្វើការ ចេះសន្សំសំចៃការប្រើប្រាស់ទឹក ការដាំដើមឈើ និងរុក្ខជាតិផ្សេងទៀតដើម្បីបរិស្ថានបៃតង»។

ជាមួយគ្នានេះ ឯកឧត្តម បានមានប្រសាសន៍ថា ការកែប្រែផ្នត់គំនិតសាធារណជនឱ្យមានឥរិយាបថចេះស្រទ្បាញ់ និងចូលរួមចំណែកថែរក្សា ការពារបរិស្ថាន មានទម្លាប់ល្អ និងប្រតិបត្តិល្អចំពោះបរិស្ថាន ពិតជាមានសារសំខាន់ណាស់ ក្នុងបរិការណ៍ដែលពិភពលោក ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់កាន់តែខ្លាំងឡើងៗទៅលើការបែ្រប្រួលអាកាសធាតុ និងខិតខំជំរុញការអភិវឌ្ឍបៃតងដែលជាប្រភពនៃកំណើនសេដ្ឋកិច្ចថ្មី ឆ្ពោះទៅកាន់ការអភិវឌ្ឍដោយចីរភាព ការកាត់បន្ថយភាពក្រីក្រ និងការរស់នៅដោយចីរភាព តាមរយៈកិច្ចគាំពារបរិស្ថាន ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងការលើកកម្ពស់ប្រសិទ្ធភាពថាមពល ជាដើម។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស យុវជន សិស្ស និស្សិត ដែលជាសរសរទ្រូងដ៏រឹងមាំបស់ប្រទេសជាតិ សូមចូលរួមអនុវត្តន៍ទម្លាប់ល្អ ស្រលាញ់ និងថែរក្សា បរិស្ថាន ឱ្យកាន់តែច្រើនឡើងៗ ដើម្បីប្រែក្លាយប្រទេសកម្ពុជាក្លាយទៅជាប្រទេសមានបរិស្ថានស្អាត មានខ្យល់បរិសុទ្ធ ក្នុងបុព្វហេតុនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម កិច្ចគាំពារបរិស្ថាន និងការលើកកម្ពស់ជីវភាពរស់នៅដោយចីរភាពនៅកម្ពុជា»។

ទាក់ទងនឹងបញ្ហានេះដែរ ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានឱ្យដឹងថា ដើម្បីកែប្រែផ្នត់គំនិតសាធារណជនឱ្យមានឥរិយាបថចេះស្រទ្បាញ់ និងចូលរួមថែរក្សា ការពារបរិស្ថាន គឺមិនមែនជាការងាយស្រួលនោះទេ យើងចាំបាច់ត្រូវការកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសការចូលរួមរបស់បុគ្គលម្នាក់ៗ ដើម្បីសកម្មភាពប្រតិបត្តិមេត្រីភាពបរិស្ថាន។ តាមរយៈវេទិការនៅថ្ងៃនេះ អ្នកចូលរួមជាពិសេសយុវជនកម្ពុជា នឹងបន្តផ្សព្វផ្សាយដល់បុគ្គលច្រើននាក់ផ្សេងៗទៀត។

សូមជម្រាបថា នៅក្នុងនីតិកាលទី៦នេះ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញ «យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤» បន្តពីយុទ្ធសាស្ត្រចតុកោណដ៏ជោគជ័យចំនួន៣ ដំណាក់កាលកន្លងមក ដោយផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងឡើងទៅលើការសម្របខ្លួនរបស់កម្ពុជាចំពោះការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍដោយចីរភាព បន្ថែមលើកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលផ្នែកសេដ្ឋកិច្ច-សង្គមជាច្រើន ដែលសម្រេចបានក្នុងនីតិកាលមុនៗ។ ជាក់ស្តែង កញ្ចប់ថវិកាជាតិ ដែលត្រូវបានវិភាជន៍សម្រាប់ការចំណាយលើការងារប្រែប្រួលអាកាសធាតុ មានការកើនឡើងជាលំដាប់ ហើយការវិនិយោគរបស់រាជរដ្ឋាភិបាលក្នុងផ្នែកបម្រែបម្រួលអាកាសធាតុ បានកើនឡើងជាង៣ដង នៅក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងថា ឆ្លើយតបនឹងនិន្នាការឈានឡើងយ៉ាងឆាប់រហ័សនៃសង្គមកម្ពុជា ក្រសួងបរិស្ថានបានខិតខំលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ខ្លួន តាមរយៈការធ្វើទំនើបកម្មស្ថាប័ន ការដាក់ចេញនូវរដ្ឋបាលទំនើប និងកែលម្អនូវក្របខ័ណ្ឌច្បាប់ និងគោលនយោបាយជាបន្តបន្ទាប់ ដើម្បីពង្រឹងភាពជាដៃគូកាន់តែប្រសើរជាមួយអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសវិស័យឯកជន ក្នុងការលើកកម្ពស់អនុលោមភាពទៅតាមច្បាប់ និងលិខិតបទដ្ឋាននានានៅកម្ពុជា សំដៅរួមគ្នាការពារបរិស្ថាន ព្រមទាំងគាំទ្រដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងការរស់នៅរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព។

«ក្នុងន័យនេះ ក្រសួង បាននឹងកំពុងកសាង ព្រមទាំងពង្រឹងការអនុវត្តនូវលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា ដូចជាការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន សំណល់បរិក្ខារអគ្គិសនី និងអេឡិចត្រូនិក និងថង់ប្លាស្ទិក ជាដើម។ ក្រសួងក៏កំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញចលនាប្រឡងប្រណំាងទីក្រុងឈានមុខ គម្រោងបៃតង ការគ្រប់សំរាមសំណល់រឹង-រាវ ការរៀបចំអាងប្រព្រឹត្តកម្ម ការគ្រប់គ្រងការបំពុលខ្យល់ ការរៀបចំសួនច្បារបៃតង ការសន្សំសំចៃថាមពលនិងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបៃតង ព្រមទាំងការគិតគូរផ្សេងៗទៀត ដែលបង្កលក្ខណៈឱ្យមានបរិស្ថាននៃការរស់នៅ និងការអភិវឌ្ឍដោយចីរភាព»។

នេះគឺជាការថ្លែងរបស់ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា មុននឹងគូសបញ្ជាក់ថា «ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាភាពចាំបាច់ ដើម្បីសម្រេចបាននូវគោលដៅរួមមួយ ពោលគឺការក្តាប់មកវិញនូវមោទនភាពជាតិ និងការកសាងជាតិទំនើបមួយដ៏រស់រវើក គុណភាព និងនិរន្តរភាពបរិស្ថាន និងកេរដំណែលធនធានធម្មជាតិរបស់កម្ពុជា ត្រូវបានការពារ និងអភិរក្សសម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាគ្រប់រូប»៕ធ.ដ


អត្ថបទទាក់ទង