បន្ទាប់ពីសម្រាកមួយសប្តាហ៍ ក្នុងឱកាសបុណ្យភ្ជុំបិណ្យ ពានជើងឯកវិទ្យាល័យ ចាប់ផ្តើមប្រកួតវិញនៅថ្ងៃស្អែក
ថ្ងៃ ពុធ ទី ០២ ខែ តុលា ឆ្នាំ ២០១៩

ការប្រកួតបាល់ទាត់ជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ចាប់ផ្តើមប្រកួតវិញសម្រាប់សប្តាហ៍ទី១៤ បន្ទាប់ពីសម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្យ ខណៈក្រុមកំពូលតារាងវិទ្យាល័យ ឬស្សីកែវ ប៉ះក្រុម វិទ្យាល័យ ជាស៊ីម សាមគ្គី វិទ្យាល័យបឹងត្របែក ប៉ះ សាលារៀនវេស្ទឡាញ វិទ្យាល័យព្រះស៊ីសុវត្ថិ ប៉ះ វិទ្យាល័យឥន្រ្ទទេវី និងក្រុមវិទ្យាល័យច្បារអំពៅ ប៉ះ វិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី។

គិតត្រឹមសប្តាហ៍ទី១៣ ក្រុមវិទ្យាល័យឬស្សីកែវ ឈរកំពូលតារាងមាន៣៣ពិន្ទុ ដោយ១២ប្រកួត ឈ្នះ១១ ចាញ់១ លេខ២ ក្រុមវិទ្យាល័យឥន្រ្ទទេវី ១១ប្រកួត ឈ្នះទាំង១១ មានពិន្ទុ ក្រុមលេខ៣ វិទ្យាល័យ ជា ស៊ីម សាមគ្គី ខណៈក្រុមវិទ្យាល័យ ចាក់អង្រែ បន្តឈរបាតារាង ដោយ១២ប្រកួតចាញ់ទាំង១២ មាន០ពិន្ទុ។

គួររំលឹកថា ការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកវិទ្យាល័យ លើកទី១ បង្កើតឡើងក្រោមគំនិត ផ្តួចផ្តើមរបស់សហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមក្លិបបាល់ទាត់បឹងកេត ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានសកម្មភាពផុសផុល និងរីកចំរើនកាន់តែប្រសើរខ្លាំងក្លាបន្ថែមទៀត សំដៅបណ្ដុះស្មារតីស្រឡាញ់កីឡាសុខភាពជៀសឆ្ងាយ ពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន ព្រមទាំងរឹតចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមសិស្សានុសិស្សតាមវិទ្យាល័យនានា ទាំងគ្រឹះស្ថានអប់រំ ចំណេះទូទៅរដ្ឋ និងឯកជន។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ទទួលបានការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និងក្រុមហ៊ុនភេសជ្ជៈ POCARI SWEAT និងមានសហការផ្សាយផ្ទាល់ពីអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា៕ធ.ដ


អត្ថបទទាក់ទង