កម្ពុជា បង្ហាញកីឡាករត្រៀមប្រកួត AFF Futsal នៅវៀតណាមចុងខែនេះ
ថ្ងៃ អង្គារ ទី ០១ ខែ តុលា ឆ្នាំ ២០១៩

ក្រុមបាល់ទាត់ជម្រើសជាតិក្នុងសាលកម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករ សម្រាប់ប្រមូលផ្ដុំហ្វឹកហាត់ ត្រៀមចូលរួមប្រកួតជ្រើសជើងឯកបាល់ទាត់ ក្នុងសាលក្របខ័ណ្ឌអាស៊ាន (AFF Futsal Championship 2019) នៅប្រទេសវៀតណាមហើយ ខណៈការប្រកួតនឹងធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែតុលាខាងមុខ។

យោងតាមគេហទំព័រក្របខ័ណ្ឌលីគបាល់ទាត់ក្នុងសាលកម្ពុជា (Cambodia Futsal) បានឲ្យដឹងថា កីឡាករ២៥នាក់ ត្រូវបានកោះហៅចូលរួមប្រមូលផ្ដុំហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិក្នុងសាលកម្ពុជា ដែលចម្រាញ់ចេញពីក្លិបសមាជិកលីគកំពូល ក្នុងសាល ឆ្នាំ២០១៩ ដើម្បីត្រៀមបំពេញបេសកកម្មខាងលើ។ គួរដឹងថា នេះគឺជាលើកទី៥ ក្នុងរយៈពេល១៩ឆ្នាំ ដែលកម្ពុជាបានបញ្ជូនក្រុមបាល់ទាត់ជម្រើសជាតិក្នុងសាលចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះ ហើយកម្ពុជា ធ្លាប់ធ្វើបានលទ្ធផលល្អបំផុតកាលពី ឆ្នាំ២០០៣ និងឆ្នាំ២០០៦ ដែលដណ្ដើមបានចំណាត់ថ្នាក់លេខ៤ គ្រាដែលឆ្នាំ២០១៨ កន្លងទៅ ក្រុមជម្រើសជាតិក្នុងសាលកម្ពុជា បានឈរបាតតារាង ក្រោយរងបរាជ័យ ៣ប្រកួតផ្ទួនៗក្នុងពូល។

សូមបញ្ជាក់ថា ការប្រកួតពានរង្វាន់ AFF Futsal Championship 2019 នេះដែរ ក្រុមជម្រើសជាតិក្នុងសាលកម្ពុជា គឺស្ថិតក្នុងពូល A ជាមួយក្រុមខ្លាំងៗ៣ ក្រុមទៀតរួមមាន ក្រុមជម្រើសជាតិក្នុងសាលថៃ មីយ៉ាន់ម៉ា និងទីម័រខាងកើត។ ចំពោះកម្មវិធីប្រកួតបើកឆាក កម្ពុជា ត្រូវប៉ះថៃ នាថ្ងៃទី២១-តុលា មុនជួបមីយ៉ាន់ម៉ា នាថ្ងៃទី២២-តុលា និងចុងក្រោយជួបទីម័រ នាថ្ងៃទី២៣-តុលា៕ធ.ដ


អត្ថបទទាក់ទង