អត្តពលិកកីឡាទូកកម្ពុជា ទទួលបានការបង្ហាត់បង្ហាញពីគ្រូជំនាញមកប្រទេសមីយ៉ាន់ម៉ា
ថ្ងៃ អង្គារ ទី ០១ ខែ តុលា ឆ្នាំ ២០១៩

អត្តពលិកកីឡាទូកកម្ពុជា ទទួលបានការបង្ហាត់បង្ហាញពីគ្រូជំនាញមកប្រទេសមីយ៉ាន់ម៉ា រយៈពេលពេញមួយថ្ងៃ បន្ទាប់ពីសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានកោះហៅកីឡាករ កីឡាការិនីទូកប្រពៃណី ហៅទូកនាគ សរុប២៨នាក់ ក្នុងនោះក្រុមថ្នាលចំនួន១៤នាក់មកចូលរួម ក្នុងវគ្គបណ្តុះបច្ចេកទេស ដើម្បីពង្រឹងសមត្ថភាព ត្រៀមការប្រកួតនានា ជាពិសេសព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាចុងឆ្នាំនេះ នៅទន្លេបាសាក់ ខេត្តកណ្តាល។

តាមការបញ្ជាក់ពីលោក ស្រ៊ុន លាង អគ្គលេខាធិការរងសហព័នកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានឲ្យដឹងថា ក្រោមការសម្រាបសម្រួលពីឯកឧត្តម ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអញ្ជើញគ្រូជំនាញផ្នែកទូកនាគ ពីប្រទេសមីយ៉ាន់ម៉ា មកជួយបណ្តុះបណ្តាលបង្ហាត់បង្ហាញរយៈពេល៣ថ្ងៃ ដល់សិក្ខាកាមដែលជាកីឡាករជម្រើសជាតិ និងជម្រើសជាតិថ្នាល អំពីបច្ចេកទេស នៃការអុំធ្វើយ៉ាងណាអោយសន្ទុះកាន់តែមានល្បឿនលឿនខ្លាំងក្លា ដើម្បីត្រៀមដណ្តើមមេដាយពីស៊ីហ្គេម មកជូនកម្ពុជានាពេលខាងមុខ។

អគ្គលេខាធិការរងរូបនេះ អះអាងថា គ្រូបង្វឹកលោក អាឡិច ដែលជាគ្រូជំនាញដែលធ្លាប់មានបទពិសោធន៍ ក្នុងការបង្ហាត់បង្រៀនច្រើន នៅមីយ៉ាន់ម៉ា និងសិង្ហបុរី។ គ្រូបង្វឹករូបនេះ បានបង្ហាត់បង្រៀនជំនាញបច្ចេកទេសអុំឲ្យកីឡាករប្រទេសមីយ៉ាន់ម៉ាឈ្នះមេដាយជាញឹកញាប់ពីការប្រកួតធំៗផងដែរ។ លោក បញ្ជាក់ទៀតថា តាមគម្រោង លោក អាឡិច មកកាន់ប្រទេសកម្ពុជា រយៈពេល៣ថ្ងៃ ប៉ុន្តែដោយសារតែ២ថ្ងៃចំបុណ្យភ្ជុំ ទើបការបង្ហាញ គឺបានត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ ក្រោយទទួលបានការបណ្តុះបណ្តាល ពីគ្រូជំនាញរូបនេះ មើលឃើញថា អត្តពលិកកម្ពុជា មានបច្ចេកទេសល្អ និងល្បឿនលឿនជាងមុន។

លោក ស្រ៊ុន លាង បានបង្ហើបថា សហព័ន្ធគ្រោងស្នើសុំសម្តេចក្រឡាហោម ស ខេង ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា យកលោក អាឡិច មកធ្វើជាគ្រូជាប់កិច្ចសន្យា សម្រាប់បណ្តុះបណ្តាលដល់កីឡាករ កីឡាការិនីជម្រើសជាតិទូកនាគកម្ពុជា នាពេលខាងមុខ ដើម្បីបង្កើនបច្ចេកទេស និងគុណផល ឈានទៅប្រជែងមេដាយជូនកម្ពុជាពីការប្រកួតនៅលើឆាកអន្តរជាតិ។

សូមបញ្ជាក់ថា លោក អាឡិច គឺជាគ្រូជំនាញផ្នែកទូកនាគរបស់ប្រទេសមីយ៉ាន់ម៉ា ហើយគ្រូបង្វឹករូបនេះក្រៅពីបណ្តុះបណ្តាលនៅក្នុងស្រុក លោកក៏ត្រូវបានប្រទេសសិង្ហបុរីអញ្ជើញឲ្យទៅបណ្តុះបណ្តាលដល់កីឡាករផងដែរ៕ធ.ដ