ព័ត៌មានទាន់ហេតុការណ៍
 1. សុន្ទរកថាឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងក្នុងកម្មវិធីពិព័រណ៍កុមារនិងគ្រួសារលើកទី ៧អគារតាំងពិព័រណ៌កោះពេជ្រ ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩  2. សម្តេចតេជោ ហ៊ុន សែន គាំទ្រនិងជំរុញអោយសភាពាណិជ្ជកម្មកម្ពុជាមានទំនាក់ទំនងធុរកិច្ចល្អ និងកាន់តែច្រើននៅបរទេស  3. វាយសម្លាប់ប្លន់យកម៉ូតូនៅសង្កាត់សាកសំពៅ ខណ្ឌដង្កោ ពេលនេះកម្លាំងសមត្ថកិច្ច កំពុងស្រាវជ្រាវតាមចាប់ជនដៃដល់  4. ឯកឧត្តម សាយ សំអាល់ ដឹកនាំប្រតិភូក្រសួងបរិស្ថាន ចូលរួមពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៧ឆ្នាំ  5. មនុស្សស្លាប់៣នាក់ ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក

ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា សង្ឃឹមថា អត្តពលិកល្បុក្កតោនឹងឈ្នះមេដាយ ពីស៊ីហ្គេម ចុងឆ្នាំនេះ ដើម្បីអបអរក្នុងការបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នាឆ្នាំ២០២០ខាងមុខនេះ
ថ្ងៃ ព្រហស្បតិ៍ ទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៩

ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា សង្ឃឹមថា អត្តពលិកល្បុក្កតោនឹងឈ្នះមេដាយ ពីស៊ីហ្គេម ចុងឆ្នាំនេះ ដើម្បីអបអរក្នុងការបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នាឆ្នាំ២០២០ខាងមុខនេះ។ ការថ្លែងបែបនេះរបស់ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ក្នុងពិធីផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់ ក្រុមកីឡាករ កីឡាការិនីគុនល្បុក្កតោ ដែលទើបនឹងប្រជែងបានមេដាយមាស៦ និងសំរឹទ្ធិ១ នៅក្នុងការប្រកួត Pre-Sea Games លើវិញ្ញាសាដំបងខ្លី Arnis និងការប្រកួតក្បាច់គុនអន្តរជាតិ International Martial Arts Contest នៅសាធារណរដ្ឋកូរ៉េកន្លងទៅថ្មីៗនេះ កាលពីល្ងាច ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្នាក់ការគណៈកម្មធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន មានប្រសាសន៍ថា ការចូលរួមប្រកួតកីឡាស៊ីហ្គេម នៅហ្វីលីពីន លើ វិញ្ញាសាដំបងខ្លី Arnis ជាឱកាសរបស់កម្ពុជា ដើម្បីផ្សព្វផ្សាយពីវប្បធម៌ ក៏ដូចជាសក្តានុពលរបស់គុនល្បុក្កតោ ដែលក្បាច់គុនកេរតំណែលបុព្ធបុរសខ្មែរ។ ឯកឧត្តមបានចាត់ទុកថា ប្រសិនបើគុនល្បុក្កតោកម្ពុជាអាចយកឈ្នះមេដាយ ពីស៊ីហ្គេម នៅហ្វីលីពីន ចុងឆ្នាំ២០១៩នេះមែន គឺជាឱកាសដ៏ល្អ ដើម្បីអបអរក្នុងដំណើរកីឡាគុនល្បុក្កតោ ដែលជាក្បាច់គុនកេរតំណែលបុព្ធបុរសខ្មែរ ចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌអរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នាឆ្នាំ២០២០ខាងមុខនេះ ដ៏ត្រចាស់ត្រចង់របស់កម្ពុជាផ្ទួនៗគ្នា លើវិស័យកីឡាគុនល្បុក្កតោលើឆាកអន្តរជាតិ។ ទោះយ៉ាងនេះក្តី ឯកឧត្តមប្រធានសហព័ន្ធរូបនេះ បានស្នើឲ្យកីឡាករ កីឡាការិនីទាំងអស់ គប្បីត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីដណ្តើមបាននូវកិត្តិយស កិត្យានុភាពជាតិ ពីលើឆាកអន្តរជាតិ ដោយមិនត្រូវផ្តេកផ្តួលលើជោគជ័យ និងមានមោទកភាពលើខ្លួនឯងខ្លាំងពេកនោះទេ។

លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានគូសបញ្ជាក់ថា នៅក្នុងបេសកកម្ម នៅសាធារណរដ្ឋកូរ៉េនេះ គឺក្រុមប្រតិភូ កីឡាករ កីឡាការិនីបានបំពេញបេសកកកម្មចំនួន៣សំខាន់ៗ ពោលគឺ ផ្នែកផ្សព្វផ្សាយ គឺយើងបានចាក់បញ្ចាំងខ្សែភាពយន្តល្បុក្កតោ នៅក្នុងព្រឹត្តិការណ៍នោះ និងបានចូលរួមប្រកួតយុទ្ធសិល្បិ៍អន្តរជាតិ International Martial Arts Contest ដែលមាន២២ប្រទេស និងអង្គភាពភាពក្បាច់គុនចំនួន៣២បានចូលរួម។ ចុងក្រោយគឺបានចូលរួមប្រកួតត្រៀម Pre-Sea Games លើវិញ្ញាសាដំបងខ្លី Arnis មុនឈានទៅប្រជែងមេដាយ នៅក្នុងស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩។

ជាលទ្ធផលនៃ Philippine Arnis Goodwill Games and Pre- SeaGame Arnis Tournament ដែលមាន៧ប្រទេសចូលរួមប្រកួតប្រជែង ក្នុងនោះកីឡាករ កីឡាការិនីគុនល្បុក្កតោកម្ពុជា ឈ្នះមេដាយមាសចំនួន៦គ្រឿង លើប្រភេទវិញ្ញាសា LIVE STICK ។ ក្នុងព្រឹត្តិការណ៍អន្តរជាតិនេះដែរ សម្រាប់ការចូលរួមប្រកួតផ្សេងទៀត គឺអត្តពលិកគុនល្បុក្កតោកម្ពុជាក៏បានយកឈ្នះមេដាយប្រាក់ និងសំរឹទ្ធិជាច្រើនគ្រឿងទៀតផងដែរ៕ម.ន