អគ្គលេខាធិការប៉ារ៉ាឡាំពិកកម្ពុជា បង្ហាញជំនឿចិត្តខ្ពស់ថា ក្នុងចំណោមកីឡាជនពិការសក្តានុពលទាំងអស់ កីឡាបាល់ទះអង្គុយ សង្ឈឹមឈ្នះមេដាយមាសច្រើនជាងគេ
ថ្ងៃ ពុធ ទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៩

កីឡាបាល់ទះអង្គុយជនពិការ សង្ឃឹមឈ្នះមេដាយមាសច្រើនជាងគេ ក្នុងចំណោមកីឡាជនពិការសក្តានុពលទាំងអស់ នៅព្រឹត្តការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី១០ នៅប្រទេសហ្វីលីពីន នេះជាការបញ្ជាក់របស់ អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ឯ ឧ យី វាសនា ក្រោយបញ្ចប់ការប្រកួតកីឡាបាល់ទះអង្គុយ មិត្តភាពអន្តរជាតិរវាង ក្រុមបាល់ទះអង្គុយកម្ពុជា ជាមួយក្រុមបាល់ទះអង្គុយសាធារណរដ្ឋកូរ៉េ នៅអាគារគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ឯ ឧ យី វាសនា បានបញ្ជាក់បន្ថែមថា មានការប្រកួតមិត្តភាពជាលក្ខណៈអន្តរជាតិច្រើន វាជាឪកាសដ៏ល្អ សម្រាប់ដុសខាត់សមត្ថភាព និងបច្ចេកទេស ជាពិសេសបណ្តុះបណ្តាលមន្រ្តីអាជ្ញាកណ្តាល ចៅក្រមកម្ពុជា អោយមានបទពិសោធន៍ កសាងសមត្ថភាពកាន់តែមានសក្តានុពល និងគុណផលកាន់តែខ្ពស់ ដើម្បីឈានឆ្ពោះទៅរកគុណផលខ្ពស់ សម្រាប់ការប្រជែងនៅលើឆាកអន្តរជាតិ ជាពិសេសព្រឹត្តការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ឯ ឧ អគ្គលេខាធិការ ពន្យល់ថា ការប្រកួតមិត្តភាពនេះ គឺជាឪកាសវាស់ស្ទង់កម្រិតបច្ចេកទេសក្រុមបាល់ទះអង្គុយកម្ពុជា ឈានទៅចូលរួមវគ្គជម្រុះក្នុងតំបន់អាស៊ី ដើម្បីប្រជែងយកកៅអីឆ្ពោះទៅកីឡាអូឡាំពិកឆ្នាំ២០២០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយកម្ពុជាធ្លាប់ក្រុមខ្លាំងជាច្រើនម្តងរួចទៅហើយ នៅប្រទេសអារ៉ាប់រួមកន្លងមក ថ្វីត្បិតតែកម្ពុជាមិនទទួលកៅអី នៅព្រឹត្តិការណ៍កម្រិតពិភពលោកក៏ពិតមែន ប៉ុន្តែកម្ពុជាបានប្រកួតឈ្នះប្រទេសក្នុងតំបន់អាស៊ានអស់ហើយ ។ ដូច្នេះបើនិយាយ ពីព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម នៅប្រទេសហ្វីលីពីន នាពេលខាងមុខនេះ ឯ ឧ យី វាសនា ជឿជាក់ថា ក្រុមបាល់ទះអង្គុយកម្ពុជា មានភាគរយខ្ពស់ឈ្នះមេដាយមាស ។
សម្រាប់ការប្រកួតមិត្តភាពរយៈពេល២ថ្ងៃ ជាមួយក្រុមកីឡាករមកពីសាធារណៈរដ្ឋកូរ៉េ ថ្ងៃដំបូងនេះ ក្រុមកម្ពុជា បានយកឈ្នះ ក្នុងលទ្ធផល ៣សិតទល់២សិត ហើយការប្រកួតនេះ ធ្វើឡើងក្នុងគោលបំណងដកស្រង់បច្ចេកទេស ដើម្បីត្រៀមចូលរួមព្រឹត្តិការណ៍ ប្រកួតអាស៊ានប៉ារ៉ាហ្គេម នៅប្រទេសហ្វីលីពីនខាងមុននេះ ជាពិសេសពង្រឹងសមត្ថភាពទាំងកីឡាករ និងមន្រ្តីអាជ្ញាកណ្តាល ត្រៀមឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម នៅឆ្នាំ២០២៣ ។
គួររំលឹកថា កាលពីព្រឹត្តការណ៍ អាស៊ានប៉ារ៉ាហ្គេម លើកទី៩ នៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០១៧ ក្រុមបាល់ទះអង្គុយកម្ពុជា ទទួលបានត្រឹមមេដាយប្រាក់ ដោយប្រកួតចាញ់ក្រុមបាល់ទះ មីយ៉ាន់ម៉ា នៅវគ្គផ្តាច់ព្រ័ត្រ ៕