BRIDGESTONE ASEAN AMATEUR OPEN មិនត្រឹមតែស្វែងរកកីឡាករ៣រូបប្រកួតតំណាងឲ្យកម្ពុជា នៅឥណ្ឌូនេស៊ីនោះទេ ថែមទាំងផ្តល់ឱកាសឲ្យកីឡាករផ្សេងទៀត បញ្ចេញសមត្ថភាព ជាពិសេសស្វែងរកមូលនិធិជួយដល់ការងារសប្បុរសធម៌
ថ្ងៃ ច័ន្ទ ទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៩

ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោល BRIDGESTONE ASEAN AMATEUR OPEN ដែលរៀបចំដោយក្លិបកីឡាវាយកូនគោល CITY GOLF មិនត្រឹមតែស្វែងរកកីឡាករ៣រូប ប្រកួតតំណាងឲ្យកម្ពុជា នៅឥណ្ឌូនេស៊ីនោះទេ ថែមទាំងផ្តល់ឱកាសឲ្យកីឡាករផ្សេងទៀតបញ្ចេញសមត្ថភាព ជាពិសេសនោះ គឺស្វែងរកមូលនិធិទិញសម្ភារសិក្សាជួយដល់សិស្សានុសិស្សក្រីក្រ នៅស្រុកសូនិគមន៍ ខេត្តសៀមរាប។

លោក ឈុន ចេតនា តំណាង លោកឧកញ៉ា ឈុន អូន ម្ចាស់ក្លិប CITY GOLF ដែលជាស្ថាបនិកបង្កើតព្រឹត្តិការណ៍នេះ នៅកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះ សម្រាប់កម្ពុជា គឺជាលើកទី២ ដែលក្លិប CITY GOLF ទទួលបានសិទ្ធិផ្តាច់មុខ រៀបចំនៅកម្ពុជា។ លោក បន្តថា ការប្រកួតនេះ ធ្វើឡើងដើម្បីស្វែងរកកីឡាករ ដែលមានសក្តានុពលតំណាងឲ្យកម្ពុជា ចូលរួមប្រជែងវគ្គផ្តាច់ព្រ័ត្រ នៅប្រឥណ្តូនេស៊ី ក្នុងចំណោមប្រទេសជាសមាជិកតំបន់អាស៊ាន ក៏បញ្ជូនអត្តពលិកឆ្នើមទៅចូលរួមប្រកួតដូចគ្នាដែរ។

ក្រៅពីស្វែរកកីឡាករឆ្នើម លោក ឈុន ចេតនា បន្ថែមទៀតថា ការប្រកួតវគ្គជម្រុះនេះ ក្លិប CITY GOLF ក៏បានផ្តល់ឱកាសដល់កីឡាករកូនគោលកម្ពុជា បានប្រកួតបញ្ចេញសមត្ថភាព ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាកូនគោលនៅកម្ពុជា ឲ្យកាន់តែរីកចម្រើនដូចបណ្តាប្រទេស នៅក្នុងតំបន់ ពិសេសនោះពានរង្វាន់នេះ ក៏បានកៀរគររកថវិកាពីកីឡាករ ចូលរួមការងារសប្បុរសធម៌ជួយដល់សង្គម ដោយយកថវិកាទៅទិញជាសម្ភារសិក្សា និងកង់ ចែកជូនដល់ សិស្សានុសិស្សក្រីក្រ នៅស្រុកសូនិគម ខេត្តសៀមរាប ក្នុងឆ្នាំ២០២០ខាងមុខនេះ រីឯថវិកាសប្បុរសធម៌ ដែលទទួលបានពីការប្រកួតវិញ ក្លិប CITY GOLF បង្វែទៅជួយមន្ទីរពេទ្យគុន្ធបុប្ផា។ កីឡាករ៣រូប ដែលជាប់ឈ្មោះទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅប្រទេសឥណ្តូនេស៊ី បានប្តេជ្ញាចិត្តខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែម ដើម្បីនាំយកជ័យលាភី ពីការប្រកួតកម្រិតអន្តរជាតិមកជូនកម្ពុជា។

សូមបញ្ជាក់ថា BRIDGESTONG ASEAN AMATEUR OPEN សម្រាប់ប្រទេស កម្ពុជា ទើបតែរៀបចំបាន២លើក។ ដោយលើកទី១ កម្ពុជាបានបញ្ជូនកីឡាករ៤រូប ទៅចូលរួមការប្រកួត នៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០១៨ ហើយលើកទី២នេះ នៅប្រទេសឥណ្ឌូនេស៊ី កម្ពុជាបញ្ជូនកីឡាករ៣រូប ក្នុងនោះមានកីឡាករ ឈិន ចាន់សង្ហា, ឡេង តុង និងកីឡាករ ហៃ ងួន ដើម្បីប្រជែងជាមួយ៧ប្រទេស មានដូចជា ប្រទេសម៉ាឡេស៊ី វៀតណាម សិង្ហបុរី ថៃ ព្រុយណេ កម្ពុជា និងម្ចាស់ផ្ទះប្រទេសឥណ្តូនេស៊ី នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ខាងមុខនេះ៕ធ.ដ