ព្រះខ័នរាជស្វាយរៀង ឡើងប្រជែងម្ចាស់ជើងឯកជាមួយបឹងកេត ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០១៩
ថ្ងៃ សុក្រ ទី ២០ ខែ កញ្ញា ឆ្នាំ ២០១៩

ភ្នំពេញ៖ ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង បានទៅប្រជែងម្ចាស់តំណែងជើងឯកជាមួយក្រុមបឹង កេត នៅវគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី៩ ខែវិច្ឆិកា នៃព្រឹត្តិការណ៍ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ រដូវកាល២០១៩ បន្ទាប់ពីក្រុមនេះបានយកឈ្នះក្រុមភ្នំពេញក្រោនដ៏ស្វិតស្វាញបំផុត នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី១៩ ខែកញ្ញាម្សិលមិញ នៅកីឡដ្ឋានជាតិ។

នៅក្នុងការប្រកួតដ៏ស្វិតស្វាញបំផុតពេញ៩០នាទី ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្រុមព្រះខ័នរាជ ស្វាយរៀង និងភ្នំពេញក្រោន រក្សាបបានលទ្ធផលស្មើគ្នា០ទល់០។ ក្រុមទាំងពីរត្រូវបានកាត់សេចក្តីចាញ់-ឈ្នះ ដោយទាត់បាល់១១ម៉ែត្រ ហើយព្រះខ័នរាជស្វាយរៀង បានធ្វើសម្រេចលើភ្នំពេញក្រោន ដោយលទ្ធផល ៥ទល់ ៤។ ដូច្នេះក្រុមព្រះខ័នរាជស្វាយរៀង ដែលឈ្នះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះត្រូវឡើងទៅប្រកួតដណ្តើម ម្ចាស់ជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ប្រចាំរដូវកាល ២០១៩នេះ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាមួយក្រុមបឹងកេត ដែលឈ្នះនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ជាមួយក្រុមវិសខា ដោយលទ្ធផល ៤-០ កាលពីថ្ងៃទី១៨ ខែកញ្ញា កន្លងទៅថ្មីៗនេះ។

ចំពោះ២ក្រុម ដែលចាញ់ៗនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺភ្នំពេញក្រោន និងវិសាខា នឹងត្រូវជួបគ្នា១ប្រកួតចុងក្រោយដូចគ្នា ដណ្តើមចំណាត់ថ្នាក់លេខ៣ ដែលគ្រោងនឹងធ្វើឡើង នាថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០១៩ នៅកីឡដ្ឋានជាតិដូចៗគ្នា៕ម.ន