ប្រកាសបើកការប្រកួតកីឡាប៉េតង់ពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន លើកទី៧ ឆ្នាំ២០១៩
ថ្ងៃ សុក្រ ទី ២០ ខែ កញ្ញា ឆ្នាំ ២០១៩

ភ្នំពេញ៖ ការប្រកួតកីឡាប៉េតង់ ពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន លើកទី៧ ប្រចាំឆ្នាំ២០១៩ ត្រូវបានប្រកាសបើកឲ្យដំណើរការជាផ្លូវការ នៅព្រឹកថ្ងៃសុក្រនេះ នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និង ប៉េតង់កម្ពុជាថ្លែងថា ការប្រកួតកីឡាប៉េតង់ពានរង្វាន់សម្តេចវិបុលបញ្ញា សុខ អាន ត្រូវបានបង្កើតឡើងក្រោម ការជ្រោមជ្រែង និងឧបត្ថម្ភផ្ទាល់ពីក្រុមគ្រួសាររបស់សម្តេចវិបុលបញ្ញា សុខ អាន ដើម្បីរំលឹកដល់គុណូបការៈរបស់សម្តេច ដែលជាស្ថាបនិក និងបានចូលរួមអភិវឌ្ឍន៍កីឡាប៊ូល និងប៉េតង់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយគុណូបការៈដ៏ធំធេងដែលមិនអាចកាត់ថ្លៃបាននេះហើយបានបង្កើតនូវស្នាដៃ និងសមិទ្ធផលជាច្រើនដល់ យើងទាំងអស់គ្នាដែលជាអ្នកជំនាន់ក្រោយ។ ជាលទ្ធផលរហូតដល់ពេលនេះ ក្រុមកីឡាប៉េតង់ជម្រើសជាតិ កម្ពុជាបានចូលរួមប្រកួតលើឆាកអន្តរជាតិទាំងថ្នាក់តំបន់ ទ្វីប និងពិភពលោកបានទទួលមេដាយសរុប២៦៨ ក្នុងនោះ មេដាយមាស៧២ ប្រាក់៩៣ សំរឹទ្ធិ១០៣គ្រឿង។

ឯកឧត្តមបន្ថែមទៀតថា ក្រោមការយកចិត្តទុកដាក់ និងទស្សនៈដ៏វែងឆ្ងាយរបស់សម្តេចវិបុលបញ្ញា សុខ អាន បានបង្កើតឲ្យមានយុវជនថ្នាលអាយុក្រោម១៧ឆ្នាំ ក្នុងការហ្វឹកហាត់ដើម្បីត្រៀមប្រកួតព្រឹត្តិការណ៍កីឡា SEA GAME ឆ្នាំ២០២៣ ខាងមុខនេះ។ រាជរដ្ឋាភិបាលតែឯងមិនអាចសម្រេចទិសដៅនៃ SEA GAMES ឆ្នាំ២០២៣នេះឡើយ ដូច្នេះសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា គឺជាកម្លាំងស្នូលក្នុងការរៀបចំផែនការរបស់ខ្លួន ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងធ្វើការជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេសប្រតិភូដែលមានវត្តមាននៅទីនេះ ក៏ជាអ្នកសំខាន់ក្នុងការសម្រេចទិសដៅនេះដែរ។

ឯកឧត្តមប្រធានសហព័ន្ធស្នើឲ្យកីឡាករ កីឡាការិនីទាំងអស់ប្រឹងប្រែង ក្នុងការប្រកួតដណ្តើមយកជ័យលាភី ដោយឈរលើស្មារតីសាមគ្គីភាព យោគយល់ (Fair Play) និងគោរពបទបញ្ជានៃការប្រកួតឲ្យបានគ្រប់ៗគ្នា។ យោងតាមមន្ត្រីបច្ចេកទេសបានឲ្យដឹងថា ព្រឹត្តិការណ៍នេះ មានក្លិបចូលរួមសរុបចំនួន៣៦ ដោយមាន ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន៣៦១នាក់ ក្នុងនោះមានកីឡាករ ២៤៩នាក់ និងកីឡាការិនី ៦០នាក់ ដែលប្រកួតនៅព្រឹកថ្ងៃទី២០ និងគ្រោងបញ្ចប់នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩៕ម.ន