ប្រាក់រង្វាន់ជាង២០៩លានរៀល ត្រូវបានរាជរដ្ឋាភិបាលប្រគល់ជូនម្ចាស់ជ័យលាភី លើ៣ប្រភេទកីឡា
ថ្ងៃ ព្រហស្បតិ៍ ទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៩

ម្ចាស់ជ័យលាភីលើ៣ប្រភេទកីឡា គឺកីឡារាំ កីឡាចំបាប់ និងកីឡាកាយវប្បកម្ម នាព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា នាំយកថវិកាលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល សរុបចំនួន ២០៩,៦០០,០០០រៀល ស្មើនឹងប្រមាណ៥២,៤០០ដុល្លារ ប្រគល់ជូនដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ដែលដណ្ដើមបានជយលាភីពីព្រឹត្តិការណ៍អន្ដរជាតិ នាពេលកន្លងទៅ។

ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តអត្តពលិកដណ្ដើមបានជយលាភីនេះ ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ក្រោមអធិបតីភាពឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តាមប្រកាសអន្ដរក្រសួង លេខ៧១៦ សហវ.ប្រក ចុះថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ ស្ដីពីគោលការណ៍ចំណាយសម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់ជម្រើសជាតិ និងការប្រកួតលក្ខណៈអន្ដរជាតិផ្លូវការប្រចាំឆ្នាំ។

តាមការបញ្ជាក់ពីលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឲ្យដឹងថា ប្រាក់រង្វាន់ដែលផ្តល់ជូននាពេលនេះ គឺមានកីឡារាំ ដែលបានចូលរួមការប្រកួតជ្រើសរើសឯកអាស៊ី នៅចិន ចាប់ពីថ្ងៃទី១៤-១៦ ខែកញ្ញា ឆ្នាំ២០១៨ ដណ្ដើមបានមេដាយសំរឹទ្ធិ ១វិញ្ញាសា (រាំគូ២នាក់)។ ទទួលបានប្រាក់រង្វាន់១១លានរៀល។ សរុបប្រាក់រង្វាន់ទាំងគ្រូបង្វឹក និងអត្តពលិកចំនួន៣៣លានរៀល។ រីឯកីឡាចំបាប់ ដែលដណ្តើមបានមេដាយសរុប ១៥គ្រឿង មាស៣, ប្រាក់៤ និងសំរឹទ្ធិ៨ ពីការប្រកួតក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ នៅប្រទេស ហ្វីលីពីន ឆ្នាំ២០១៨ ក្នុងនោះ មេដាយមាស១ ទទួលបាន៩លានរៀល មេដាយប្រាក់ទទួលបាន៨លានរៀល និងមេដាយសំរឹទ្ធិ ទទួលបាន៧លានរៀល។

សរុបប្រាក់រង្វាន់ទាំងគ្រូបង្វឹក គ្រូជំនួយ និងកីឡាករចំនួន១៣៦,៦០០,០០០រៀល។ ចំណែកឯកីឡាកាយវប្បកម្ម បានចូលរួមប្រកួតជ្រើសរើសជើងឯកពិភពលោក លើកទី១០ នៅប្រទេសថៃ ចាប់ពីថ្ងៃទី ១១-១៧ ខែធ្នូ ឆ្នាំ២០១៨ ដោយមាន៥១ប្រទេសចូលរួម ក្រុមកីឡាកាយវប្បកម្មកម្ពុជា ដណ្ដើមបានមេដាយ មាស១ ដោយកីឡាករ សំបូរ សុភណ្ឌ។ មេដាយមាស ទទួលបានប្រាក់រង្វាន់ ២០លានរៀល។ សរុបប្រាក់រង្វាន់ ទាំងគ្រូបង្វឹក និងកីឡាករ សរុប៤០លានរៀ៕ធ.ដ