គ្រូបង្គោលព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន បង្ហាញឆន្ទៈ ក្នុងការប្រជែងនៅវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ Hun Sen Cup
ថ្ងៃ ពុធ ទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៩

គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង និងគ្រូបង្គោលភ្នំពេញក្រោន បានបង្ហាញឆន្ទៈខ្ពស់ដូចៗគ្នា នៅក្នុងសន្និសីទសារពត៌មាន កាលពីល្ងាចម្សិលមិញ ក្នុងការប្រជែងកៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រដូវកាល ២០១៩ ដែលនឹងត្រូវប្រកួត នាវេលាម៉ោង៦:០០ ល្ងាច ថ្ងៃទី១៩ កញ្ញាស្អែកនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀង អះអាងថា កូនក្រុមរបស់លោក បានហ្វឹកហាត់ ត្រៀមយ៉ាងល្អ សម្រាប់ការប្រកួតដ៏សំខាន់នៅថ្ងៃព្រហស្បតិ៍តស្អែកនេះ។ គ្រូបង្វឹកជនជាតិអៀរឡង់រូបនេះ បានលើកឡើងនូវបញ្ហាក្នុងក្រុមខ្លះៗផងដែរ ដោយបន្ទាប់ពីវិលពីការប្រកួតជាមួយបាទី មក កីឡាករព្រះខ័នរាជស្វាយរៀងមួយចំនួនមានរបួស ហើយកីឡាករខ្លះដែលវិលពីជម្រើសជាតិ ក៏មានរបួសខ្លះៗដែរ ដូចឥឡូវមាន៖ សឿយ វិសាល, សុខ សំណាង, ប្រាក់ មុន្នីឧត្តម ហើយគន្ធា រ៉ាវ៉ាន់ ក៏អវត្តមានរហូតដល់បញ្ចប់រដូវកាលទៀត ដូច្នេះនៅសល់ប៉ុន្មានប្រមូលផ្តុំហ្វឹកហាត់ជុំគ្នាបានល្អប្រសើរដែរ។

ចំណែកឯ លោក ស៊ុ វណ្ណា គ្រូបង្គោលស្ដីទីភ្នំពេញក្រោនបញ្ជាក់ដែរថា ក្រុមដែលឡើងមកកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រសុទ្ធតែមានសមត្ថភាពល្អៗ។ ចំពោះក្រុមលោក លោកមិនខ្វាយខ្វល់ពីលទ្ធផល ក្នុងលីគទៀតទេ ទោះបានចាញ់ព្រះខ័នរាជស្វាយរៀងទាំងពីរជើង ពោលគឺមិនចាត់ទុកជាសម្ពាធឡើយ ។

លោក វណ្ណា បន្ថែមទៀតថា ការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ប្រើប្រាស់កីឡាករក្នុងស្រុកសុទ្ធសាធ ដូច្នេះលោកបានដាក់ក្ដីសង្ឃឹមត្រឹម ៥០% សិន ហើយក្រុមណាដែលមានការរៀបចំល្អនឹងទទួលបានជ័យជម្នះ។ ទោះយ៉ាងណាក្តី គ្រូបង្គោលរូបនេះប្តេជ្ញាចិត្តថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្តើមកៅអីមួយ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឈានទៅប្រកួតប្រជែងនៅវគ្គផ្តាច់ព្រ័ត្រ ។

សូមបញ្ជាក់ថា សម្រាប់ការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៣ រដូវកាល២០១៩នេះ មាន២ប្រកួត ដែលក្រុមបឹងកេតប៉ះជាមួយក្រុម វិសាខា នាល្ងាចថ្ងៃទី១៨ កញ្ញានេះ រីឯ១ប្រកួតទៀត គឺជាការប៉ះគ្នារវាងក្រុមព្រះខ័ន រាជស្វាយរៀង និងភ្នំពេញក្រោន ដើម្បីប្រជែងគ្នាឡើងទៅប្រកួតដណ្តើមជើងឯក ប្រចាំរដូវកាល២០១៩នេះ៕ធ.ដ


អត្ថបទទាក់ទង