ឯកឧត្តម ស សុខា៖ អត្តពលិកទាំងអស់ត្រូវដណ្តើមមេដាយជូនជាតិ និងធ្វើឲ្យទង់ជាតិកម្ពុជា បង្ហូតឡើង ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅហ្វីលីពីន
ថ្ងៃ អង្គារ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩

អត្តពលិកទាំងអស់ ត្រូវដណ្តើមមេដាយជូនជាតិ និងធ្វើឲ្យទង់ជាតិកម្ពុជាបង្ហូតឡើង ហើយអ្នកចូលរួមគោរព។ នេះជាប្រសាសន៍របស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ បានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូបង្វឹក គ្រូជំនួយ និងកីឡាករកីឡាការិនីជម្រើសជាតិ ត្រៀមទៅស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីម្សិលមិញ នៅអាគារមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ឯកឧត្តម ស សុខា លើកឡើងទៀតថា យើងជាកីឡាករ កីឡាការិនីតំណាងឲ្យកម្ពុជា ត្រូវរក្សាបាននូវកិត្តិយសជាតិ និងខិតខំអស់ពីសមត្ថភាព ដើម្បីដណ្តើមមេដាយជូនជាតិ លើកកិត្តិយសជាតិ ភ្លេងជាតិ ទង់ជាតិ ត្រូវបានបង្ហូតឡើង ហើយអ្នកចូលរួមទាំងអស់គោរព នេះហើយជាមោទនជាតិយើង។ ឯកឧត្តម រដ្ឋលេខាធិការ បន្តថា ដើម្បីត្រៀមលក្ខណៈស៊ីហ្គេមឆ្នាំនេះ ក្រសួងបានចំណាយថវិការដ្ឋទៅលើក្រុមកីឡាថ្នាល និងកីឡាជម្រើសជាតិ សរុបជាង៧,៩៨៦លានរៀល។

ក្នុងនោះ ក្រុមកីឡាជម្រើសជាតិ បានដំណើរការនៃប្រមូលផ្ដុំហាត់ហ្វឹកហ្វឺនចំនួន៥០៤នាក់ លើជាង៣០ប្រភេទកីឡា និង១ក្រុមកីឡាជនពិការ ដោយហាត់ហ្វឹកហ្វឺនរយៈពេល៧ខែ គិតចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយការចំណាយនេះគិតលើការស្នាក់នៅ ហូបចុក ថែទាំសុខភាព រៀនសូត្រ និងប្រាក់រង្វាន់។

ឯកឧត្តម ស សុខា ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំ តាមប្រភេទកីឡាទាំងអស់ ត្រូវឈប់យកប្រាក់ខែ ក្រុមកីឡាករ-កីឡាការិនីទៅបែងចែងឲ្យកីឡាករ-កីឡាការិនីដទៃទៀត មិនមែនជាក្រុមជម្រើសជាតិ។ ឯកឧត្តម ថា ការធ្វើបែបនេះ មិនល្អទេ ព្រោះអាចធ្វើឲ្យកីឡាករ-កីឡាការិនីជម្រើសជាតិ ដែរជាម្ចាស់ប្រាក់ឧបត្ថម្ភមិនសប្បាយចិត្ត៕ធ.ដ


អត្ថបទទាក់ទង