អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ WT ជឿជាក់ថា អត្តពលិកដែលចេញទៅហ្វឹកហាត់ នៅកូរ៉េលើកនេះ ជាឱកាសល្អសម្រាប់ត្រៀម ស៊ីហ្គេម នៅហ្វីលីពីន
ថ្ងៃ អង្គារ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០១៩

អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូ W T ឯកឧត្តម ជ្រិន សុធា ជឿជាក់ថា អត្តពលិកចេញទៅហ្វឹកហាត់នៅកូរ៉េលើកនេះ ជាឱកាសល្អសម្រាប់ត្រៀមស៊ីហ្គេម នៅហ្វីលីពីន ថានឹងដណ្តើមបានមេដាយច្រើនជាងមុន។ ថ្លែងបែបនេះ ឯកឧត្តមបានថ្លែងបែបនេះ ក្រោយបញ្ចប់ពិធីជូនដំណើរ និងសំណេះសំណាលជាមួយកីឡាករ កីឡាការិនីតេក្វាន់ដូ មុនទៅហ្វឹកហាត់បំប៉នសមត្ថភាព រយៈពេល២ខែ នៅប្រទេសកូរ៉េខាងត្បូង កាលពីម្សិលមិញ នៅធនាគារ PPC BANK។

ឯកឧត្តម ជ្រិន សុធា បន្តថា ការប្រជែងនៅស៊ីហ្គេមលើកទី៣០ នាអំឡុងខែវិច្ឆិកាខាងមុខនេះ នៅហ្វីលីពីន សហព័ន្ធកីឡាតេក្វាន់ដូ WT រំពឹងខ្ពស់ថា អត្តពលិកយើងមានលទ្ធភាពដណ្តើមបានមេដាយមាសច្រើនជាង នៅស៊ីហ្គេម កាលពីឆ្នាំ២០១៧។ ការអះអាងដោយភាពជឿជាក់បែបនេះ ដោយឯកឧត្តមមើលឃើញថា អត្តពលិកកម្ពុជាមានលទ្ធភាពដណ្តើមមេដាយមាស ចាប់ពី២គ្រឿងឡើងទៅ ពីការប្រកួតកម្រិតអាស៊ានមួយនេះ ក៏ព្រោះតែបច្ចុប្បន្ននេះ កីឡាករ កីឡាការិនីមួយចំនួនមានសក្តានុពលខ្ពស់ និងជាប់ចំណាត់ក្នុងតារាងតេក្វាន់ដូ WT ពិភពលោក ដែលប្រទេសអាស៊ានទាំង១០ មិនមែនជាឧបសគ្គ ក្នុងការប្រជែងមេដាយមាសនោះឡើយ។

អនុប្រធានរូបនេះ បានដាក់ក្តីរំពឹងខ្ពស់លើកីឡាការិនីពីររូប និងកីឡាករ១រូប ក្នុងនោះមាន កីឡាករ សុខ ឡុង កីឡាការការិនី ស៊ន សៀវមី និងកីឡាការិនី ផាស សិនត្រានីកូថាប់ កូនខ្មែរកាត់អាម៉េរិក ដែលកំពុងតែហ្វឹកហាត់ជាមួយឪពុកនៅអាម៉េរិក ហើយថ្មីៗនេះក៏ទើបតែដណ្តើមបានមេដាយលើឆាកអន្តរជាតិជាបន្ទាប់ផងដែរ។

ដោយឡែកលោក ស៊ីន ឆាងមូ នាយកប្រតិបត្តិធនាគារ PPC BANK បានលើកឡើងថា ការឧបត្ថម្ភជ្រោមជ្រែងពីសំណាក់ធនាគារ ក្នុងការបញ្ជូនអត្តពលិកតេក្វាន់ដូ WT ទៅហ្វឹកហាត់ នៅប្រទេសកូរ៉េខាងត្បូង រៀងរាល់ពេលត្រៀមព្រឹត្តិការណ៍ធំៗទាំងកម្រិតតំបន់ និងពិភពលោក ជាបន្តបន្ទាប់មកនោះ ក៏ព្រោះលោកចង់ឃើញអត្តពលិកកម្ពុជាដណ្តើមបានមេដាយមាស និងអភិវឌ្ឍន៍សមត្ថភាពឈានទៅប្រជែងបានមេដាយ ពីការប្រកួតកីឡាអូឡាំពិកនាពេលខាងមុខ។ ក្នុងដំណើរទៅបំពេញបេសកម្មហ្វឹកហាត់បំប៉នសមត្ថភាព នៅប្រទេសកូរ៉េខាងត្បូង របស់អត្តពលិកកីឡាតេក្វាន់ដូ WT កម្ពុជាលើកនេះ ធនាគារ PPC BANK បានឧបត្ថម្ភទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ លើថ្លៃចំណាយសំបុត្រយន្តហោះ ហូបចុកស្នាក់នៅរយៈពេល២ខែ។

គួររំលឹកថា កាលពីព្រឹត្តិការណ៍ កីឡាស៊ីហ្គេម ឆ្នាំ២០១៧ នៅម៉ាឡេស៊ី អត្តពលិកតេក្វាន់ដូ WT កម្ពុជា ដណ្តើមមេដាយ២គ្រឿង គឺសំរឹទ្ធិមួយ និងមេដាយមាសមួយគ្រឿដណ្តើមបានដោយកីឡាការិនី ស៊ន សៀវមី។ សូមបញ្ជាក់ថា ការចេញទៅហ្វឹកហាត់ នៅប្រទេសកូរ៉េលើកនេះ សហព័ន្ធកីឡាតេក្វាន់ដូ WT បានបញ្ជូនអត្តពលិកចំនួន១០នាក់ ក្នុងនោះកីឡាករ៥នាក់ កីឡាការិនី៤នាក់ គ្រូបង្វឹក១នាក់ ទៅហ្វឹកហាត់បំប៉នសមត្ថភាព ត្រៀមប្រជែងមេដាយ នៅស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីពីន៕ធ.ដ


អត្ថបទទាក់ទង