ក្រុមបាល់ទាត់យុវជនស្រុកតាំងគោក បង្ហាញភាពខ្លាំង បន្ទាប់ពីយកឈ្នះ ក្រុមធ្នូស ស្រុកស្ទោង ក្នុងព្រឹត្តិការណ៍បាល់ទាត់ដណ្ដើមពានរង្វាន់យុវជនខេត្តកំពង់ធំ ឆ្នាំ២០១៩
ថ្ងៃ ច័ន្ទ ទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៩

ក្រុមបាល់ទាត់យុវជនស្រុកតាំងគោក បង្ហាញភាពខ្លាំង បន្ទាប់ពីយកឈ្នះ ក្រុមធ្នូរសស្រុកស្ទោង ក្នុងលទ្ធផល ៤:២ កាលពីចុងសប្តាហ៍កន្លងទៅ នៃព្រឹត្តិការណ៍បាល់ទាត់ដណ្ដើមពានរង្វាន់ យុវជនខេត្តកំពង់ធំ ឆ្នាំ២០១៩ ។
លោក យ៉ូវ សេងគុណ ប្រធានគណៈកម្មការរៀបចំការប្រកួត បានអោយដឹងថា ពានរង្វាន់យុវជនឆ្នាំនេះមាន២០ក្រុមចូលរួម ដែលមកពីបណ្តាក្រុង ស្រុកទាំងអស់ទូទាំងខេត្ត គ្រឹះស្ថានសាធារណៈ និងវិស័យឯកជនផងដែរ ។ សរុបមាន៤៨ប្រកួត បែងចែកជា៤ពូល ក្នុងមួយពូលមាន៥ក្រុម ប្រកួតវិលជុំ សន្សំពិន្ទុ យក២ក្រុម ដែលមានពិន្ទុខ្ពស់ជាងគេតាមពូលនីមួយៗ ដើម្បីឈានទៅវគ្គបន្ទាប់ រហូតដល់វគ្គផ្តាច់ព្រ័តតែម្តង ។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បញ្ជាក់ថា ពីគោលបំណង នៃព្រឹត្តការណ៍ប្រកួតនេះ គឺក្រោមគំនិតផ្តួចផ្តើមពីឯ ឧ សុខ លូ អភិបាលខេត្តកំពង់ធំ គឺធ្វើឡើងដើម្បីផ្តល់ឪកាសអោយយុវជនលេងកីឡា ដើម្បីសុខភាព បង្កើនមិត្តភាព សាមគ្គីភាព ជៀសឆ្ងាយពីគ្រឿងញៀន និងបំផុសវិស័យកីឡាបាល់ទាត់អោយមានការរីកចំរើន និងស្វែងរកកីឡាករ ដែលមានសមត្ថភាពត្រៀមប្រកួតតំណាងអោយខេត្ត ជាពិសេសចូលរួមហ្វឹកហាត់ ក្នុងដំណើរឆ្ពោះទៅកាន់ ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ។

គួររំលឹកថា កាលពីប្រកួតមិត្តភាពកន្លងទៅ ក្រុមយុវជនស្រុកតាំងគោក បានយកឈ្នះក្រុមយុវជនស្រុកបារាយណ៍ ៤:០ រីឯប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ យុវជនខេត្តកំពង់ធំ ឆ្នាំ២០១៩វិញ ក្រុមយុវជនស្រុកតាំងគោក ៤:២ ក្រុមធ្នូរស ស្រុកស្ទោង ចំពោះការប្រកួតបន្ទាប់នៅថ្ងៃទី៥ ខែតុលា ត្រូវជួបក្រុមយុវជនប្រត្តិការសឹករងកំពង់ធំ ៕ធ.ដ