ប្រធានសហព័ន្ធបាល់បោះកម្ពុជា ប្រកាសបង្កើនការប្រកួតលីគបាល់បោះឲ្យច្រើនលើសឆ្នាំមុនៗ ដើម្បីពង្រឹងគុណភាពត្រៀម ស៊ីហ្គេម នៅកម្ពុជា
ថ្ងៃ ច័ន្ទ ទី ១៦ ខែ កញ្ញា ឆ្នាំ ២០១៩

ដើម្បីត្រៀមការប្រកួតប្រជែងប្រកបដោយគុណភាព នៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា ឯកឧត្តម ស៊ាន បូរ៉ាត់ ជំរុញឲ្យសហព័ន្ធបង្កើនការប្រកួតលីគបាល់បោះនៅក្នុងស្រុក ឲ្យបានច្រើនបន្ថែមទៀត ចាប់ពីឆ្នាំ២០១៩នេះ ជាពិសេសពង្រឹងយន្តការការងារដឹកនាំក្នុងសហព័ន្ធបាល់បោះ ដូចជា គ្រូបង្វឹក អាជ្ញាកណ្តាលចៅក្រមជាដើម ធ្វើយ៉ាងណាពង្រឹងការងារអភិវឌ្ឍន៍បាល់បោះកម្ពុជាឲ្យកាន់តែខ្លាំងក្លា។ ការថ្លែងបញ្ជាក់នេះធ្វើឡើង នៅក្នុងពិធីបិទការប្រកួតកីឡាបាល់បោះលីគកម្ពុជា រដូវកាល២០១៩ នៅទីលានកីឡាបាល់បោះមជ្ឈមណ្ឌលកីឡាហ្វឹកហ្វឺនកីឡាជាតិ នាល្ងាចម្សិលមិញ។

ឯកឧត្តម ស៊ាន បូរ៉ាត់ បន្តថា បន្ទាប់ពីមានការសហការល្អរវាងសហព័ន្ធកីឡាបាល់បោះកម្ពុជា និងក្រុមហ៊ុន យៀកថៃ គ្រុប បង្កើតលីគបាល់បោះកម្ពុជា ឆ្នាំ២០១៩នេះ ក្នុងគោលបំណងលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យបាល់បោះនៅកម្ពុជា ស្របទៅតាមផែនការយុទ្ធសាស្រ្ត និងស្របតាមគោលដៅអភិវឌ្ឍន៍កីឡាជាតិរបស់រដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមប្រធានសហព័ន្ធ សង្ឃឹមនឹងជឿជាក់ថា ការប្រកួតនេះ វាជាឱកាសមួយសម្រាប់កីឡាករ ក៏ដូចជាមន្ត្រីបច្ចេកទេស អភិវឌ្ឍសមត្ថភាព តាមរយៈការរៀបចំ និងដឹកនាំការប្រកួត ត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានស្នើឲ្យសុំដល់យៀកថៃ គ្រុប បន្តជួយដល់សហព័ន្ធបាល់បោះកម្ពុជា បណ្តុះបណ្តាលធនធានមនុស្សឲ្យមានសក្តានុពលទាំងការដឹកនាំ និងសមត្ថភាពកីឡាករផងដែរ។

គ្រូបង្វឹក Extra Joss លោក Oktav បានលើកឡើងថា តំណាងជើងឯកមួយនេះ ក្រុម Extra Joss បានប៉ងដណ្តើមយករយៈ៤ឆ្នាំមកហើយ ឥឡូវឆ្នាំទី៥នេះ ក្រុមបានប្រជែងដណ្តើមបានសម្រេចដូចការប៉ងទុកមែន ដូច្នោះផែនការបន្តទៀត លោក និងពង្រឹងជំរុញការហ្វឹកហាត់ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតដើម្បីការពារតំណែងជើងឯក។

ជាលទ្ធផល ក្រុមបាល់បោះ Extra Joss Fighters ក្លាយជាជើងឯកការប្រកួតលីគបាល់បោះកម្ពុជា ឆ្នាំ២០១៩នេះ ក្រុម Beyond ជាជើងឯករង ខណៈលេខ៣ក្រុម Masters Steak  និងលេខ៤ ក្រុម Krom  Soben។ សូមបញ្ជាក់ថា ការប្រកួតលីគបាល់បោះកម្ពុជា ឆ្នាំ២០១៩នេះ មាន៦ក្រុមចូលរួម ដូចជា ក្រុម Extra Joss Fighters , Beyond , Krom Soben , Masters Steak , Asian Baller និងក្រុម Red Buff ដោយប្រកួតវិលជុំ២ជុំ យកក្រុម៤ដែលមានពិន្ទុខ្ពស់ជាងគេ ទៅប្រកួតវគ្គជម្រុះចំនួន៣ដង ហើយយកអ្នឈ្នះ២ក្រុមទៅប្រកួតផ្តាច់ព្រ័ត នឹងដំណើរការប្រកួត រយៈពេលជាង៣ខែ ជារៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ នៅទីលានបាល់បោះមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា៕ធ.ដ


អត្ថបទទាក់ទង