វេទិកាជាតិលើកទី១ ស្តីពីការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ព្រមទាំងរាប់ថយក្រោយ ដើម្បីសម្ពោធបើកកាលបរិច្ឆេទជាផ្លូវការ កីឡាស៊ីហ្គេម ឆ្នាំ២០២៣
ថ្ងៃ សុក្រ ទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៩

វេទិការជាតិលើកទី១ ស្តីពីការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍និង កីឡាជនពិការអាសានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៣ ខែកញ្ញានេះ និងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទា បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងការពារជាតិ និងជាប្រធានគណៈកម្មារៀបចំ កីឡាស៊ីហ្គេម ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា មានប្រសាសន៍ថា សកម្មភាពល្ងាចមិញ គឺជាការហាត់សមរបស់សិល្បករសិល្បការិនី និងកីឡាករការិនីកីឡាល្បុក្តតោកម្ពុជា ដើម្បីចូលរួម នៅក្នុងវេទិការជាតិ លើកទី១ ស្តីពីការផ្សព្វផ្សាយព្រឹត្តិការកីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការអាសានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលជាការសម្ពោធនៃកាលបរិច្ចេទបើកជាសម្ពោធយុទ្ធនាការស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាកម្មវិធីមួយត្រូវបានចាត់ទុកជាកំណត់ត្រា និងជាឯកសារសម្រាប់បញ្ជាក់នៃសម្រាប់ព្រឹត្តិការណ៍ជាប្រវត្តវត្តិសាស្រ្តរបស់កម្ពុជា។

ឯកឧត្តមអគ្គលេខាធិការ បន្តថា  វេទិការជាតិលើកទី១នេះ មានការសម្តែងសិល្បៈ និងការធ្វើបទបង្ហាញដោយអ្នកជំនាញស៊ីហ្គេម ឆ្នាំ២០១៧ ស្តីអំពីបទពិសោធន៍ នៃការរៀបចំស៊ីហ្គេម ហើយក្នុងនោះ ក៏មានរូបឯកឧត្តមជាអ្នកធ្វើបទបង្ហាញ ស្តីអំពីប្រជាជនម្នាក់គាំទ្រលេងកីឡាមួយមុខ។ ជាមួយគ្នានោះ ក៏មានពិធីរាប់ថយក្រោយ ដើម្បីសម្ពោធបើកកាលបរិច្ចេទជាផ្លូវការ កីឡាស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ។ ឯកឧត្តម បន្ថែមថា កាលបរិច្ចេទនៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺត្រូវបានសម្តេចតេជោនាយករដ្ឋមន្រ្តី បានកំណត់យកថ្ងៃទី៥ ដល់ថ្ងៃ ទី១៥ ខែ ឧសភា ឆ្នាំ២០២៣ ជាពេលវេលារៀបចំព្រឹត្តិការណ៍ប្រកួតប្រជែងសម្រាប់ព្រឹត្តិការណ៍កម្រិតតំបន់នេះ។

សូមបញ្ជាក់ថា វេទិកាជាតិលើកទី១ ស្តីពីការផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងកីឡាជនពិការអាសានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងសម្ពោធផ្លូវការព្រឹកនេះ មានការចូលរួមពីបណ្តាលអគ្គរាជទូត និងអគ្គរដ្ឋទូតពីបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងមន្រ្តីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសិស្សានុសិស្សចូលរួមជិត២ពាន់នាក់៕ម.ន