វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកយូដូ បានបញ្ចប់ដោយភាពជោគជ័យ
ថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩

ភ្នំពេញ៖ បន្ទាប់ពីដំណើរការតាំងពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ វគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាយូដូ បានបញ្ចប់ដោយភាពជោគជ័យ កាលពីល្ងាចម្សិលមិញ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ឯកឧត្តម តែម ម៉ឺន អគ្គលេខាធិការងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានណែនាំឲ្យសិក្ខាកាមទាំងអស់ ដែលទទួលបាននូវបទពិសោធន៍ ចំណេះដឹងពីគ្រូឧទ្ទេសអន្តរជាតិ គប្បីខិតខំយកទៅបណ្តុះបណ្តាលបន្តដល់កីឡាករ កីឡាការិនីរបស់ខ្លួនឲ្យបានល្អប្រសើរ ដើម្បីគោលដៅអភិវឌ្ឍវិស័យកីឡាយូដូឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោក ងិន សុខបញ្ជា មន្ត្រីគណៈកម្មការគ្រប់គ្រងវគ្គបញ្ជាក់ថា ឆ្លងកាត់ការសិក្សាផ្នែកទ្រឹស្តី និងការអនុ វត្តជាក់ស្តែងរបស់សិក្ខាកាមទាំងអស់ បង្កើនបានការយល់ដឹងលើផ្នែកទ្រឹស្តី និងលើកកម្ពស់កម្រិតសមត្ថភាពបច្ចេកទេស ដោយមានសិក្ខាកាមចំនួន២៤នាក់នេះ បានទទួលលទ្ធផលនិទ្ទេសល្អ ១០នាក់ ស្មើនឹង៤០% និទ្ទេសល្អបង្គួរ ១០នាក់ ស្មើនឹង៤០% ធម្យម ៣នាក់ ស្មើនឹង២០%។ លោក ងិន សុខបញ្ជា បន្តថា វគ្គសិក្សានេះជារៀងរាល់ឆ្នាំ បានជួយដល់គ្រូបង្វឹក និងកីឡាករ កីឡាការិនី ទាំងអស់ឲ្យកាន់តែមានការយល់ដឹង និងជំនាញលើកកម្ពស់សិទ្ធផលប្រភេទកីឡាយូដូរបស់ព្រះរាជាណាចក្រ កម្ពុជាឈានទៅទទួលបានជោគជ័យជូនប្រទេសជាតិកាន់តែប្រសើរជាងនេះទៀត ជាក់ជាមិនខាន៕ម.ន