នាយកវិទ្យាល័យសិលាមាស បញ្ជាក់ថា នឹងនាំយកបទពិសោធន៍ និងបច្ចេកទេសថ្មីៗ លើវិស័យបាល់ទះ ប្រទេសចិន មកចែករំលែកនៅកម្ពុជា
ថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩

នាយកវិទ្យាល័យសិលាមាស លោក ម៉ុន សុខជា បានបញ្ជាក់ថា នឹងនាំយកបទពិសោធន៍ និងបច្ចេកទេសថ្មីៗ លើវិស័យបាល់ទះ ពីប្រទេសចិន មកចែករំលែកនៅកម្ពុជា អះអាងបែបនេះធ្វើឡើង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ  គ្រាដែលលោក ដឹកនាំក្រុមកីឡាការិនីបាល់ទះវិទ្យាល័យសិលាមាស ចំនួន១២នាក់ ទៅកាន់ ទីក្រុង Jiangsu ខេត្ត ណាងជីង សាធារណរដ្ឋប្រជាមានិតចិន រយៈពេល១សប្តាហ៍ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ។

លោក ម៉ុន សុខជា បន្ថែមថា ដំណើរទស្សនៈកិច្ច របស់ក្រុមបាល់ទះនារីវិទ្យាល័យសិលាមាសគឺតំណាងអោយសហព័ន្ធកីឡាបាល់ទះកម្ពុជា តមតាមការអញ្ជើញរបស់ស្ថានទូតចិនប្រចាំកម្ពុជា ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍ កីឡាជាមួយ Jiangsu ។ នាយកវិទ្យាល័យរូបនេះ អះអាងទៀតថា នេះជាឱកាសស្វែងយល់ដកស្រង់បទពិសោធន៍ ពីវិស័យកីឡាបាល់ទះ ពីប្រទេសចិន ។

លោក ម៉ុន សុខជា បញ្ជាក់បន្ថែមថា សហព័ន្ធកីឡាបាល់ទះកម្ពុជា បានឃើញថា វិទ្យាល័យសិលាមាស តែងតែគាំទ្រចូលរួមរាល់សកម្មភាពកីឡាបាល់ទះ ពិសេសនោះគឺជាក្រុមនារីវិទ្យាល័យមួយនេះ គឺជាជើងឯក៦ឆ្នាំជាប់ៗគ្នា ប្រចាំរាជធានីភ្នំពេញ ។ លោក អះអាងទៀតថា ដំណើរទស្សនៈកិច្ចទៅកាន់សាធារណៈចិន លើកនេះ លោក ប្តេជ្ញាថា នឹងនាំយកបទពិសោធន៍ល្អៗ ដើម្បីយកមកអភិវឌ្ឍន៍វិស័យកីឡាបាល់ទះ នៅកម្ពុជា ពិសេសគឺវិទ្យាល័យសិលាមាសតែម្តង ។

ដោយលែកកីឡាការិនី អ៊ុក សិក្ខានាថ បានលើកការទៅប្រកួតផ្លាស់ប្តូរបទពិសោធន៍កីឡា នៅសាធារណរដ្ឋប្រជាមានិតចិនលើកនេះ ទោះមិនរំពឹងថាបានជ័យជំនះ ក៏កីឡាការិនីឆ្នើមរូបនេះ ជឿជាក់ថា នឹងទទួលបានបទពិសោធន៍ល្អ ពីប្រទេសអភិវឌ្ឍដ៏ខ្លាំងមួយនេះ ។

សូមបញ្ជាក់ថា ក្រុមបាល់ទះនារីវិទ្យាល័យសិលាមាស គឺជាក្រុមខ្លាំង ប្រចាំរាជធានីភ្នំពេញ ដោយគ្រងជើងឯក៦ឆ្នាំជាប់ៗគ្នា និងឈ្នះមេដាយសំរិទ្ធ ពីការប្រកួតកីឡាសិស្សថ្នាក់ជាតិថ្មីៗនេះផងដែរ៕ធ.ដ


អត្ថបទទាក់ទង