អត្តពលិកកីឡាវាយកូនបាល់កម្ពុជា យកឈ្នះ គីជីស្ថាន ថ្ងៃបើកឆាក ព្រឹត្តិការណ៍ Davis Cup គ្រុបទី៣
ថ្ងៃ ព្រហស្បតិ៍ ទី ១២ ខែ កញ្ញា ឆ្នាំ ២០១៩

អត្តពលិកកីឡាវាយកូនបាល់កម្ពុជា យកឈ្នះ គីជីស្ថាន ថ្ងៃបើកឆាកព្រឹត្តិការណ៍ Davis Cup គ្រុបទី៣ ថ្ងៃទី១១ ខែកញ្ញាម្សិលមិញ ក្នុងវគ្គជម្រុះតំបន់អូសេអានី ដែលរៀបចំ នៅប្រទេស Jordan ក្នុងលទ្ធផល ៣-០ ។

ជ័យជំនះរបស់កម្ពុជាប្រកួតទី១ លើវិញ្ញាសាឯកក្តជន ដោយកីឡាករ ប៊ុន កេន្នី ឈ្នះកីឡាករ គីជីស្ថាន២សិត០ ជាមួយពិន្ទុ ៦-៤ និង៦-២ ។ ប្រកួតទី២ ឯកក្តជនដោយកីឡាករ ម៉ម ផល្គុណ ឈ្នះ ២:០ ជាមួយពិន្ទុ ៦-០ និង៦-០ ។ ប្រកួតទី៣ លើវិញ្ញាសាវាយគូ កីឡាករ តាន់ នីសាន ចាប់ដៃជាមួយកីឡាករ ទេព ទីម៉ូទី យកឈ្នះ ២:០ ជាមួយពិន្ទុ ៦-២ និង៦-២ ។

នេះបើតាមការអះអាង ពីលោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ពីប្រទេស Jordan កាលពីយប់ថ្ងៃទី១១ ខែ កញ្ញាម្សិលមិញ ។ ចំណែកឯប្រកួតទី២ ក្រុមអត្តពលិកកីឡាវាយកូនបាល់កម្ពុជា ត្រូវជួបប្រទេស តាជីស្ថាន នៅល្ងាចថ្ងៃទី១២ ខែកញ្ញានេះ តែម្តង ។

គួរបញ្ជាក់ថា ព្រឹត្តការណ៍ Davis Cup គ្រុបទី៣ ក្រុមកម្ពុជា ស្ថិតក្នុងពូល D មាន៤ប្រទេស គឺ អារ៉ាប់រួម តាជីគីស្ថាន គីជីស្ថាន និងក្រុមកម្ពុជា ។ ដោយឡែកពូល៣ផ្សេងទៀត ពូលA មាន ៣ប្រទេស ។ ពូលB មាន៣ប្រទេស និងពូលC មាន៤  និងពូលD មាន៤ប្រទេសដូចកម្ពុជាដែរ ។ លោក ជា ពៅ បន្តថា ការប្រកួតក្នុងគ្រុបទី៣កម្ពុជាឈ្នះ  និងមានសិទ្ធឡើងទៅកាន់គ្រុបទី២វិញ  នៃព្រឹត្តិការណ៍Davis Cup ។

សូមបញ្ជាក់ថា មូលហេតុដែលក្រុមកម្ពុជាធ្លាក់ចេញពីគ្រុបទី៣ពីឆ្នាំមុន មានសិទ្ធមកប្រកួតគ្រុបទី៣ជាមួយប្រទេសដែលរក្សាតំណែងជាប់នៅក្នុងគ្រប់ទី៣នេះបាន ដោយសាតែលក្ខន្តិកៈថ្មីរបស់ព័ន្ធកីឡាវាយកូនបាល់អន្តរជាតិបានរំលាយគ្រុបទី៤ នៃលក្ខន្តិកៈច្បាប់បទបញ្ជាចាស់ បង្កើតយកត្រឹមគ្រុបទី៣វិញ ៕ធ.ដ


អត្ថបទទាក់ទង