អាវុធហត្ថខេត្តកណ្តាល ចុះអនុវត្តដីកាបញ្ជាអោយចូលខ្លួនរបស់ព្រះរាជអាជ្ញា ត្រូវបានម្ចាស់ផ្ទះ ចោទប្រកាន់ថា ចូលផ្ទះដោយគ្មានការអនុញ្ញាតិដូចចោរចូលប្លន់
ថ្ងៃ ពុធ ទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩

(កណ្តាល):កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ប្រមាណជាង១០នាក់ ខ្លះស្លៀកពាក់ឯកសណ្ឋាន និង ខ្លះទៀតស្លៀកពាក់ស៊ីវិល បានចុះឡោមព័ទ្ធ ផ្ទះមួយកន្លែងនៅភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល  បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង  ម្ចាស់ផ្ទះ ដោយចុះអនុវត្តតាមដីកាបញ្ជាអោយចូលខ្លួនរបស់លោក  លាវ  ស្រេង  ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល  លើឈ្មោះ ទូច សុខលីម។

ការចុះអនុវត្តនេះ  គឺ  ធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែកញ្ញា នេះ ស្ថិតនៅផ្ទះមួយកន្លែងក្នុងភូមិពន់ចាន ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

លោកស្រី  ឌិន សុខទៀង អាយុ៤១ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះ ទូច សុខលីម បានប្រាប់ អោយដឹងថា :  នៅមុនពេលកើតហេតុ គាត់និងកូនរបស់គាត់ រួមនឹងប៉ារបស់គាត់ ព្រមទាំងចាស់ៗនៅក្នុងផ្ទះ បានអង្គុយលេងនៅក្នុងផ្ទះ ស្រាប់តែឃើញមានរថយន្តបើកមកដល់មុខផ្ទះរបស់គាត់ ឃើញមានពាក់ឯកសណ្ឋានជាកម្លាំងកងរាជអាវុធហត្ថ និង  ខ្លះទៀតអត់មានឯកសណ្ឋាន ប្រមាណជាង១០នាក់ បានចុះពីលេីរថយន្ត រួចរត់ទៅព័ន្ធជុំវិញផ្ទះរបស់គាត់ ហើយបុរសម្នាក់ស្លៀកពាក់ស៊ីវិលបានសួរគាត់ថា "ឈ្មោះ ទូច សុខលីម នៅណា  ? នៅក្នុងផ្ទះអត់  ? ខ្ញុំសុំជួបគាត់បានទេ  ? គាត់ក៏បានឆ្លើយទៅប្រាប់វិញថា: គាត់អត់នៅផ្ទះទេ បងរកគាត់មានការអី  ? បុរសនោះក៏បាននិយាយថាឈ្មោះ ទូច សុខលីម រកស៊ីឆបោកលុយគេច្រើនណាស់ ឥឡូវខ្ញុំសុំឆែកឆេរផ្ទះរកគាត់ អាចសហការជាមួយខ្ញុំអត់ ។ គាត់ក៏បានឆ្លើយថា មកឆែរឆេរផ្ទះរបស់គាត់មានរឿងអី គាត់មិនអោយចូលទេ ស្រាប់តែមានកម្លាំងកងរាជអាវុធហត្ថម្នាក់ដើរមកហើយអានដីកា  រួចសុំចូលឆែកឆេរ ទោះម្ចាស់ផ្ទះមិនព្រមក៏ដោយ ទើបធ្វើអោយទាក់មាត់ ទាក់កគ្នា រហូតកម្លាំងកងរាជអាវុធសម្រុកចូលផ្ទះតែម្តង។

ពួកគាត់បានបន្ថែមទៀតថា ទង្វើបែបនេះពិតជាអយុត្តិធម៌សម្រាប់ពួកគាត់ដែលអត់ដឹងរឿងអីសោះ ហើយពួកគាត់មានការភិតភ័យណាស់ ដោយប្រដូចជាក្រុមចោរចូលមកប្លន់ផ្ទះរបស់គាត់អ៊ីចឹង។

ប៉ុន្តែបើតាមកមន្ត្រីកងរាជអាវុធហត្ថដែលចុះទៅអនុវត្តដីកានេះ  បានប្រាប់ អោយដឹងថា ពួកគាត់ចុះទៅអនុវត្តដោយយោងទៅលើដីការរបស់លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល បញ្ជាអោយចូលខ្លួនលើឈ្មោះ ទូច សុខលីម ។ នៅក្នុងដីកាបញ្ជាអោយចូលខ្លួនមិនបញ្ជាក់ពីបទល្មើសអ្វីទេ  ។

ពួកគាត់បន្ថែមទៀតថា ការចុះអនុវត្តនេះ  បានទទួលបរាជ័យដោយសារឈ្មោះ ទូច សុខលីម អត់នៅផ្ទះ ហើយម្ចាស់ផ្ទះនិងកូនចៅរបស់គាត់មិនសហការ អនុញ្ញាតិអោយចូលទៅក្នុងផ្ទះ បានត្រឹមចូលក្នុងរបងផ្ទះ និងអង្គុយជជែកលេង វែកញែកផ្លូវច្បាប់ពន្យល់ពួកគាត់ និងធ្វើកំណត់ហេតុការចុះអនុវត្ត  ហេីយដកចេញ មិនមានការប្រទាំងប្រទើសនោះទេ។

ជាមួយគ្នានេះ  លោក ពេជ្រ សូរិយា មេធាវីរបស់ឈ្មោះ ទូច សុខលីម បានប្រាប់ អោយដឹងថា ការចុះអនុវត្តរបស់កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល លើដីកាបញ្ជាអោយចូលខ្លួន គឺ  ខុសនីតិវិធីហើយ មិនអាចសម្រុកចូលទៅក្នុងផ្ទះគេចឹងទេ ធ្វើនេះលើសពីដីកាបញ្ជាអោយចូលខ្លួនហើយ ។ ដីកាបញ្ជាអោយចូលខ្លួនពុំមានសិទ្ធិធ្វើដូចច្នេះទេ ហើយលោកបានដឹងរឿងនោះអស់ហើយជារឿងកិច្ចសន្យា ទិញ លក់ដី នៅឃុំស្អាងភ្នំ ស្រុកស្អាង ជាមួយឈ្មោះ សៀង ពិសិដ្ឋ ជារឿងរដ្ឋប្បវេណីទេ បានប្តឹងចូលតុលាការក្នុងរឿងរដ្ឋប្បវេណីរួចហើយ  ៕ដោយ ខាត់ សុខឿន

 

 

 


អត្ថបទទាក់ទង