ខេត្តគោលដៅចំនួន៧ ទទួលបានឡជីវឧស្ម័នចំនួន១,៥០០ឡ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទាន ឥតសំណងរបស់ប្រទេសចិន
ថ្ងៃ ពុធ ទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩

នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មានរៀបចំពិធីប្រគល់-ទទួលសម្ភារឡជីវឧស្ម័ន និងមធ្យបាយដឹកជញ្ជូន ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ក្រោមវត្តមានឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា សាធារណរដ្ឋប្រជាមានិតចិន បានផ្តល់ហិរញ្ញប្បទានឥតសំណងជាឡជីវឧស្ម័នជូនមកកម្ពុជាចំនួន ១,៥០០ឡ រថយន្ត៣គ្រឿង ម៉ូតូ១៤គ្រឿង ម៉ាស៊ីនភ្លើង៧គ្រឿង ម៉ាស៊ីនបូមទឹក៧គ្រឿង និងសម្ភារការិយាល័យមួយចំនួនធំទៀត គិតជាទឹកប្រាក់ចំនួន ៩,៦៦០, ០០០យ័ន ដែលត្រូវបែងចែកទៅខេត្តគោលដៅចំនួន៧ ក្នុងនោះមាន៖ ខេត្តត្បូងឃ្មុំ ៣០០ឡ កំពង់ចាម ២០០ឡ ព្រៃវែង ២០០ឡ ស្វាយរៀង ២០០ឡ កំពង់ឆ្នាំង ២០០ឡ ពោធិ៍សាត់ ២០០ឡ និងខេត្តព្រះវិហារ ២០០ឡ សម្រាប់រយ:ពេល៣ឆ្នាំ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានធ្វើចំណាប់អារម្មណ៍ប្រកបដោយសោមនស្ស និងអត្ថន័យយ៉ាងជ្រាលជ្រៅទាក់ទងគម្រោងហិរញ្ញប្បទានឥតសំណងនេះថា ក្រោយពេលរដ្ឋាភិបាលទាំងពីរបានអនុវត្តន៍គោលនយោបាយ "ខ្សែក្រវាត់ និងផ្លូវ" ឃើញថាថ្មីៗនេះ កម្ពុជាមានការអភិវឌ្ឍរីកចម្រើន ប្រែមុខមាត់ គួរឲ្យកត់សម្គាល់។

ប្រទេសទាំពីរបានផ្តោតជាសំខាន់លើការអភិវឌ្ឍវិស័យកសិកម្មជាអាទិភាព ហើយស្តែងចេញជាលទ្ធផល កន្លងមកភាគីចិនបានបង្កើនកូតានាំអង្ករកម្ពុជាចូលទីផ្សារចិន ចេកអំបូងលឿងស្រស់ ម្សៅដំឡូងមី និងផ្លែឈើច្រើនប្រភេទទៀត ហើយអនាគតផលិតផលកៅស៊ូកម្ពុជានឹងនាំចេញទៅកាន់ទីផ្សារចិន។ ចំពោះការបណ្តុះបណ្តាលធនធានមនុស្ស កន្លងមកកម្ពុជាបានបញ្ជូនមន្រ្តីចំនួន២៦៨ រូបទៅចិនដើម្បីចូលរួមសិក្សា ដកស្រង់បទពិសោធន៍ផ្នែកវិស័យកសិកម្ម ហើយភាគីចិនក៏បានបញ្ជូនមន្រ្តីជំនាញមកកម្ពុជាវិញផងដែរ។

ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាចាប់តាំងពីគ្រាក្រលំបាក រហូតដល់កម្ពុជាសម្រេចបាននូវសន្តិភាពពេញលេញ ការឯកភាពជាតិក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ និងការចូលរួមអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលជាការរួមចំណែកយ៉ាងសកម្មទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការខាងវិស័យបច្ចេកទេស ការអភិវឌ្ឍធនធានមនុស្ស សេដ្ឋកិច្ច ទេសចរណ៍ កសិកម្មឧស្សាហកម្ម ការវិនិយោគដើម្បីផលប្រយោជន៍រវាងប្រជាជន និងប្រទេសទាំងពីរ។

ឯកឧត្តមបានបញ្ជាក់ថា គម្រោងសាងសង់ឡជីវឧស្ម័នចំនួន១៥០០ឡ គឺជាគម្រោងមួយក្នុងចំណោមគម្រោងទាំង១៦ ដែលបានរៀបចំឡើងដោយក្រសួង នៅក្នុងផែនការយុទ្ធសាស្ត្រភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលទាំងពីរ សម្រាប់ការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៣-២០១៧។ ដោយហេតុថា ឡជីវឧស្ម័នបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រជាកសិករជាអាទិ៍៖ សំណល់ឡជាជីធម្មជាតិមានគុណភាពល្អសម្រាប់ដំណាំគ្រប់ប្រភេទ ធ្វើឲ្យភូមិឋានមានបរិស្ថាន និងអនាម័យល្អ ផ្ទះបាយគ្មានផ្សែង កាត់បន្ថយការប្រើប្រាស់អុស និងធ្យូង ដោយប្រើឧស្ម័នដែលទាញយកពីឡជំនួស ផ្តល់ឧស្ម័នបង្កើតបានជាអគ្គីសនីប្រើប្រាស់ក្នុងលំនៅឋានបានយ៉ាងល្អ។

ឯកឧត្តមរដ្ឋមន្រ្តី បានស្នើដល់អង្គភាពជំនាញ ក៏ដូចជាមន្រ្តីអនុវត្តគម្រោងត្រូវយកចិត្តទុកដាក់សហការល្អជាមួយភាគីចិន និងគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តន៍គម្រោងនេះ ដោយរលូនប្រកបដោយមនសិការវិជ្ជាជីវៈ តម្លាភាព ចំទិសដៅ ឆ្ពោះទៅរកភាពជោគជ័យតាមផែនការដែលបានគ្រោងទុកដូចមានចែងក្នុងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន និងភារកិច្ចផ្សេងៗទៀតក្នុងស្មារតីស្ថាបនា នវានុវត្តន៍ និងទទួលខុសត្រូវខ្ពស់៕ធ.ដ

 

 

 

 

 


អត្ថបទទាក់ទង