អភិបាលខេត្តសៀមរាប ដឹកនាំប្រតិភូអន្តរមន្ទីរ ចុះពិនិត្យផ្លូវប្រឡាយទឹកកខ្វក់ ក្នុងក្រុងសៀមរាប
ថ្ងៃ ពុធ ទី ១១ ខែ កញ្ញា ឆ្នាំ ២០១៩

ឯកឧត្តម ទៀ សីហា គណៈអភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ បានដឹកនាំ ប្រតិភូអន្តរមន្ទីរ ចុះពិនិត្យផ្លូវ ប្រឡាយទឹកកខ្វក់ក្នុងក្រុងសៀមរាប ព្រមទាំងការពង្រីក និងបើកសម្រួលផ្លូវមួយចំនួន ដែលបងប្អូនប្រជាពលរដ្ឋ បានលើកជាសំណូមពរនាពេលកន្លងមក ដោយផ្លូវមួយចំនួនបានបង្កឲ្យមានភាពតូចចង្អៀត និងធ្វើឲ្យមានការកកស្ទះចរាចរណ៍ជារៀងរាល់ថ្ងៃ និងផ្លូវមួយចំនួនទទួលរងការខូចខាត ដែលត្រូវរៀបចំធ្វើការជួសជុល ស្ថាបនា ឡើងវិញ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្រោមគម្រោងថវិការបស់សាលាខេត្ត ស្ថិតក្នុងភូមិ ស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ។

ឯកឧត្តម ទៀ សីហា បានធ្វើការណែនាំមួយចំនួន ដល់មន្ទីរសាធារណការ និងអាជ្ញាធរក្រុង សង្កាត់ គឺ ត្រូវសុំឲ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅអាស្រ័យដោយផ្លូវទាំងនេះ ឲ្យពួកគាត់មានការចូលរួមសហការជាមួយក្រុមវិស្វកម្មសាធារណការ ក្នុងការរៀបចំប្រព័ន្ធលូបង្ហូរទឹកភ្លៀងឲ្យបានរួចរាល់ មុនការរៀបចំធ្វើការជួសជុល ស្ថាបនាផ្លូវទាំងនេះ ក្នុងការបញ្ជៀសនូវការទឹកដក់នៅលើទ្រូងផ្លូវ ដែលធ្វើឲ្យផ្លូវឆាប់ខូចខាត  ព្រមទាំងសុំកុំឲ្យបងប្អូនយកដីចំណីផ្លូវធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវថ្មើរជើង និងអ្នកជឹះកង់ម៉ូតូ។

ឯកឧត្តមក៏បានដាក់ផែនការឲ្យអាជ្ញាធរក្រុង សង្កាត់ ធ្វើការជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលបានសាងសង់លំនៅដ្ឋាន សណ្ឋាគារ រំលោភលើដីផ្លូវ និងនៅលើប្រព័ន្ធលូបង្ហូរទឹកកខ្វក់ចេញ ដោយខេត្តមានគម្រោងធ្វើការរៀបចំផ្លូវមួយចំនួន សំខាន់ស្ថិតក្នុងតំបន់ផ្សាររាត្រី ដោយយកទ្រូងខ្នងលើប្រឡាយធ្វើជាផ្លូវ ក្នុងការបញ្ជៀសភាពកកស្ទះចរាចរណ៍ តែសម្រាប់យានយន្តតូចៗ តែប៉ណ្ណោះ  ។

ក្នុងនោះដែរ ដោយឯកឧត្តម បានទទួលសំណូមពរផ្ទាល់របស់ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានអមតាមផ្លូវ ភ្ជាប់មកផ្លូវសម្តេចសង្ឃ ទេព វង្ស សុំឲ្យអាជ្ញាធរខេត្តបើកផ្លូវលក្ខណៈក-ដបនេះ ដែលមានប្រវែងប្រមាណ៦០ម៉ែត្រ ស្ថិតក្នុងភូមិស្ទឹងថ្មី ដែលបានជាប់គាំងជាច្រើនអាណត្តិមកហើយនោះ។ ឯកឧត្តម ទៀ សីហា ក៏បានជម្រាបបងប្អូនផងដែរថា ករណីផ្លូវនេះ គឺជាជំងឺរ៉ាំរ៉ៃយូរមកហើយ តែអាជ្ញាធរខេត្តក៏មិនព្រងើយកន្តើយផងដែរ ចំពោះលំនៅដ្ឋានទាំងពីរសងខាងផ្លូវនេះ ខេត្តនឹងធ្វើការអនុវត្តទៅតាមច្បាប់ភូមិបាលដែលបានកំណត់ ចំពោះពួកគាត់ផងដែរ៕ធ.ដ

ដោយៈ ម៉ី សុខារិទ្ធ


អត្ថបទទាក់ទង