ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ប្រកាសថា រៀបចំការប្រកួតកីឡាទាញព្រ័ត្រធំៗ ចំនួន៣ នៅឆ្នាំ២០២០ រួមទាំងការប្រកួតកម្រិតអន្តរជាតិ
ថ្ងៃ ច័ន្ទ ទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៩

ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ឯកឧត្តម បណ្ឌិត មាស សារិន បានប្រកាសរៀបចំការប្រកួតកីឡាទាញព្រ័ត្រធំៗចំនួន៣ នៅឆ្នាំ២០២០ ដូចជា ការប្រកួតជើងឯកថ្នាក់ជាតិក្របខ័ណ្ឌ “ក១” និង“ក២” ការប្រកួតជើងឯកសមាគមកាត់ដេរ និងការប្រកួតកម្រិតអន្តរជាតិ នៅទីក្រុងអង្គរ ខេត្តសៀមរាបខណៈការប្រកួតតាមភូមិភាគ សហព័ន្ធសម្រេចងឈប់ចាប់ឆ្នាំនេះតទៅ។ ការថ្លែងបែបនេះ ធ្វើនៅក្នុងពិធីបិទការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកភូមិភាគវាលរាប កាលពីចុងសប្តាហ៍ នៅស្រុក កោះធំ ខេត្តកណ្តាល។

ឯកឧត្តម មាស សារិន បន្ថែមថា កក្តាដែលសហព័ន្ធសម្រេចងចិត្តឈប់រៀបចំកីឡាទាញព្រ័ត្រ តាមភូមិភាគទៀត ពីព្រោះសហព័ន្ធចង់ឲ្យខេត្តតាមភូមិភាគទាំង៥ មានបទពិសោធន៍ និងបច្ចេកទេស ជាអ្នករៀបចំដោយខ្លួនឯង ដើម្បីស្វែងរកអត្តពលិកមានសក្តានុពល ត្រៀមប្រកួតតំណាងឲ្យខេត្តនៅព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ។ ឯកឧត្តមប្រធានសហព័ន្ធ ក៏បានជំរុញឲ្យខេត្តតាមភូមិភាគទាំងអស់ ត្រូវបង្កើនការបណ្តុះបណ្តាលកីឡាករ កីឡាការិនីថ្នាល អាជ្ញាកណ្តាលចៅក្រម នៅតាមគោលដៅ និងតាមសាលារៀន ឲ្យមានគុណភាពល្អប្រសើរ ដើម្បីជំរុញធ្វើយ៉ាងណាឲ្យប្រភេទកីឡាអត្តសញ្ញណនេះ មានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។

សូមបញ្ជាក់ថា ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកភូមិភាគវាលរាប លើកទី២ ឆ្នាំនេះ មាន៥ខេត្តចូលរួម គឺខេត្តកណ្តាល កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង និងមាន៨ក្រុមចូលរួម បុរស៤ក្រុម និងនារី៤ក្រុម ប្រកួតលើ៤វិញ្ញាសា គឺបុរស៨ទល់៨ ទម្ងន់៦០០គីឡូក្រាម នារី៨ទល់៨ ទម្ងន់៥០០គីឡូក្រាម និងវិញ្ញាសាបុរស-នារី បុរស៤ទល់៤ ទម្ងន់៣០០គីឡូក្រាម និងវិញ្ញាសាប្រកួតនារី៤ទល់៤ ទម្ងន់២៥០គីឡូក្រាម៕ធ.ដ


អត្ថបទទាក់ទង