ក្រុមវិទ្យាល័យ ឬស្សីកែវ ឡើងឈរកំពូលតារាងបណ្តោះអាសន្ន ខណៈ វិទ្យាល័យហ៊ុនសែនចាក់អង្រែបន្តឈរបាតតារាង នៃការប្រកួតជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩
ថ្ងៃ ព្រហស្បតិ៍ ទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៩

ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកសិស្សវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ បានឈានដល់សប្តាហ៍ទី១១ ក្រុមវិទ្យាល័យ ឬស្សីកែវ ទទួលបាន៣ពិន្ទុបន្ថែម ឡើងឈរកំពូលតារាងបណ្តោះអាសន្ន បន្ទាប់ពីយកឈ្នះវិទ្យាល័យ ព្រះស៊ីសុវត្ថិ ៧ទល់នឹង៣ ចំណែក វិទ្យាល័យហ៊ុនសែន ចាក់អង្រែ នៅតែបន្តឈរបាតតារាងក្រោយចាញ់ វិទ្យាល័យភ្នំពេញថ្មី ១ទល់នឹង២ ក្រោយខកខានការប្រកួតអស់រយៈពេលពីរសប្តាហ៍ ។ជ័យជំនះរបស់វិទ្យាល័យភ្នំពេញថ្មី រកបាននៅតង់ទី១ដោយកីឡាករ ពៅ សេដ្ឋបុត្រ ពីរគ្រាប់ម្នាក់ឯង នៅនាទី៧ នឹងនាទី៣៨ លុះចូលដល់តង់ទី២ វិទ្យាល័យហ៊ុនសែន ចាក់អង្រែ រកបាន១គ្រាប់វិញដោយកីឡាករ ណើ ជីណា នៅនាទី៧៥ លទ្ធផល២ទល់នឹង១នេះ បានរក្សាដល់ចប់ម៉ោង៩០នាទីពេញ ។
ជ័យជំនេះបានធ្វើឲ្យ១០ប្រកួត  របស់ក្រុមវិទ្យាល័យឬស្សីកែវ  មាន២៧ពិន្ទុ ឈ្នះ៩ប្រកួត ចាញ់១ប្រកួត ឡើងទៅឈរចំណាត់ថ្នាក់លេខ១ ក្នុងតារាងបណ្តោះអាសន្នលេខ២ វិទ្យាល័យឥន្ទ្រទេវី មាន២៥ពិន្ទុ ឈ្នះ៨ ស្មើរ១ លេខ៣ វិទ្យាល័យស៊ីមសាមគ្គី មាន១៦ពិន្ទុ លេខ៤ វិទ្យាល័យ ព្រះស៊ីសុវត្ថិ មាន១៥ពិន្ទុ ៨ប្រកួត ឈ្នះ៥ ចាញ់៣ ចំណែកវិទ្យាល័យហ៊ុនសែនចាក់អង្រែ ១០ប្រកួតចាញ់ទាំង១០ គ្មានពិន្ទុ។
គួររំលឹកថា ពានបាល់ទាត់វិទ្យាល័យ លើកទី១ បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សហព័ន្ធ យុវជន កម្ពុជារាជធានីភ្នំពេញ និងសមាគមក្លិបបាល់ទាត់បឹងកេត ក្នុងគោលបំណងរួមចំណែកលើក កម្ពស់ វិស័យកីឡាបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែមានសកម្មភាពរស់រវើក និងរីកចម្រើនកាន់តែប្រសើរខ្លាំងក្លាបន្ថែមទៀត សំដៅបណ្ដុះស្មារតីស្រឡាញ់កីឡាសុខភាពជៀសឆ្ងាយ ពីគ្រឿងញៀន សម្រិតសម្រាំងធនធានកីឡាករបន្តវេន ព្រមទាំងរឹតចំណងមិត្តភាពសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ក្នុងចំណោមសិស្សានុសិស្សតាមវិទ្យាល័យនានា ទាំងគ្រឹះស្ថានអប់រំ ចំណេះទូទៅរដ្ឋ និងឯកជន ។
សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកវិទ្យាល័យ លើកទី១ ឆ្នាំ២០១៩ ទទួល បានការឧបត្ថម្ភធំពីក្រុមហ៊ុន Cambodia Airways និងក្រុមហ៊ុនភេសជ្ជៈ POCARI SWEAT និងមានសហការផ្សាយផ្ទាល់ពីអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ ៕

 

 


អត្ថបទទាក់ទង