គ្រូបង្គោលបាល់ទាត់ជម្រើសជាតិកម្ពុជា និងហុងកុង អះអាងថា ការប្រកួតនៅស្អែកនេះ នឹងមានភាពទាក់ទាញខ្លាំង
ថ្ងៃ ពុធ ទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៩

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក Felix Dalmas គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងលោក Mixu Paatelainen ថា ការប្រកួតនឹងមានភាពទាក់ទាញខ្លាំង ហើយក្រុមទាំង២ កម្ពុជា និងហុងកុង បានត្រៀម ខ្លួនរួចជាស្រេច សម្រាប់ការប្រកួតនាល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ ក្នុងពូល C វគ្គជម្រុះ ជុំទី២ នៃព្រឹត្តិការណ៍ FIFA World Cup Qatar 2022 ។

លោក Felix Dalmas គ្រូជម្រើសជាតិកម្ពុជា បញ្ជាក់ថា ក្រុមកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ត្រៀមស្វាគមន៍ក្រុមភ្ញៀវហុងកុង។ លោក បន្តថា កីឡាករទាំងអស់បានខិតខំយ៉ាងខ្លាំង ដើម្បីបង្ហាញទម្រង់លេងដ៏ល្អមួយជូនដល់ប្រជាជនកម្ពុជាទាំងអស់ ដោយលោកនៅតែជឿជាក់ថា អ្នកគាំទ្រនឹងរីករាយជាមួយនឹងការប្រកួតដ៏អស្ចារ្យនេះ ជាមួយកីឡាករជានិមិត្តរូប ក្នុងបេះដូងរបស់ខ្លួន។
រីឯលោក Mixu Paatelainen គ្រូបង្គោលក្រុមហុងកុង បញ្ជាក់ដែរថា ក្រុមទាំង២នឹងមានភាពទាក់ទាញ និងទទួលបានការគាំទ្រខ្លាំងផងដែរ។ លោកអះអាងទៀតថា កូនក្រុមទាំងអស់របស់លោកបានប្តេជ្ញា ចិត្តថានឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីប្រជែងយកជ័យជម្នះ។

សូមបញ្ជាក់ថា វគ្គជម្រុះជុំទី២ កម្ពុជា ស្ថិតក្នុងពូល C មាន អ៊ីរ៉ង់ អ៊ីរ៉ាក់ បារ៉ែន ហុងកុង និងក្រុមកម្ពុជា។ បន្ទាប់ពីប្រកួតជាមួយ ហុងកុង ក្រុមកម្ពុជា នឹងត្រៀមស្វាគមន៍ក្រុមភ្ញៀវ បារ៉ែន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ខាងមុខនេះ៕ម.ន


អត្ថបទទាក់ទង