អត្តពលិកកីឡាទោចក្រយានកម្ពុជា៣រូបប្រជែងបានលទ្ធផលល្អពីការប្រកួតកម្រិតអន្តរជាតិ នៅថៃ
ថ្ងៃ ពុធ ទី ០៤ ខែ កញ្ញា ឆ្នាំ ២០១៩

កីឡាករទោចក្រយាន្តកម្ពុជា៤រូប ដែលសហព័ន្ធបញ្ជូនទៅចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ប្រណាំងកង់ Singha-PTT  Mountain Bike Thailand Open 2019 នៅប្រទេសថៃ ដែលដំណើរការប្រកួត កាលពីថ្ងៃអាទិត្យទី៣១ ខែកន្លងទៅ គឺបានបង្ហាញភាពលេចធ្លោយ៉ាងខ្លាំង ក្រោយប្រជែងដណ្តើមបានលទ្ធផលល្អប្រសើរជូនកម្ពុជា ខណៈដែលការប្រកួតនេះមានការ ចូលរួមប្រជែងពីកីឡាករអន្តរជាតិដូចជាកីឡាករថៃ និងអេស្ប៉ាញសរុបប្រមាណជា២០០នាក់។

បើតាមការបញ្ជាក់ពីគ្រូបង្វឹក លោក ផេង ប៉ូលីន បានឲ្យដឹងថា កីឡាករកម្ពុជាដែលសហព័ន្ធបញ្ជូនចូលរួមនៅថៃលើកនេះ មានចំនួន៤រូប គឺកីឡាករថ្នាល២រូប និងឈុតធំ២រូប។ ជាលទ្ធផល កីឡាករ៣រូប ក្នុងចំណោម៤រូប ប្រជែងបានលទ្ធផលល្អ គឺកីឡាករជម្រើសជាតិ ហួត ឡូយរស្មី ដណ្តើមបានលេខ២ និងកីឡាករ សាំង សីហា ដណ្តើមបានលេខ៣ លើវិញ្ញាសាប្រកួត OPEN CLASS។ រីឯ កីឡាករថ្នាល ឃួន បណ្ឌិតបុត្រា ដណ្តើមបានលេខ៤ លើវិញ្ញាសា Junior CLASS ខណៈដែលថ្នាលមួយរូបទៀតកីឡាករ វន សាវីន ប្រជែងបានលេខ៨។ តាមរយៈលទ្ធផលនេះ គ្រូបង្វឹករូបនេះ បានបង្ហាញនូវមោទនភាពថា ការប្រណាំងកម្រិតអន្តរជាតិលើកនេះ វាជាសញ្ញាវិជ្ជមានមួយរបស់អត្តពលិកកម្ពុជា ឈានឆ្ពោះទៅប្រជែងជាមួយអត្តពលិកបណ្តាប្រទេសផ្សេងៗទៀតបានលើឆាកអន្តរជាតិនាពេលខាងមុខ ជាពិសេស ស៊ីហ្គេម នៅកម្ពុជា គឺមានរំពឹងខ្ពស់ថា អាចដណ្តើមបានមេដាយ។

ទាក់ទងនឹងសិទ្ធផលនេះដែរ លោក នូ ចំរើន អគ្គលេខាធិការកីឡាទោចក្រយានកម្ពុជា បានវាយតម្លៃថា ការចេញទៅចូលរួមប្រកួតប្រជែងអន្តរជាតិបានច្រើន វាជួយឲ្យអត្តពលិកបានវាស់ស្ទង់សមត្ថភាពជាមួយប្រទេសខ្លាំងៗ ជាពិសេសដឹងសិទ្ធផលខ្លួនឯង និងគូប្រកួត ហើយក៏អាចជំរុញ និងលើកទឹកចិត្តឲ្យប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ព្រោះបើគ្រាន់តែហាត់ហើយមិនបានប្រកួតច្រើន សមត្ថភាពក៏មិនកើន កីឡាករក៏មិនខំហ្វឹកហាត់ដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងកង់ Singha-PTT Mountain Bike Thailand Open 2019 ដែលរៀបចំដោយ នៅខេត្ត ចិតបុរី ប្រទេសថៃ ដែលដំណើរការប្រកួតកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ មានអត្តពលិកចូលរួមសរុបជាង២០០នាក់ មាន៣ប្រទេស គឺម្ចាស់ផ្ទះថៃ អេស្ប៉ាញ និងកម្ពុជា ក្នុងនោះកម្ពុជា បញ្ជូនអត្តពលិក៧រូបចូលរួម កីឡាករ៤រូប និងគ្រូបង្វឹក៣រូប៕ ម.ន